សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងប្រកាសកម្មវិធីជំរុញការវិនិយោគខេត្តព្រះសីហនុឡើងវិញ!
ពេលជួបកម្មករនៅខេត្តកោះកុងម្សិលមិញ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគ នៅខេត្ដព្រះសីហនុ ដោយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចនឹងប្រកាសដាក់កម្មវិធីពិសេស សម្រាប់បង្កើត និងជំរុញការវិនិយោគនៅក្នុងខេត្ដនេះឡើងវិញ។
ខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា ខណៈបច្ចុប្បន្ននេះ សំណង់អគារខ្ពស់ៗជាច្រើនបានរីកស្គុះស្គាយមិនចាញ់នៅរាជធានីភ្នំពេញប៉ុន្មាននោះទេ និងក៏មានអគារជាច្រើនផ្សេងទៀត ដែលបានទុកចោលមិនទាន់សាងសង់ចប់ ដោយសារជួបវិបត្តិសេដ្ឋកិច្ចដែលបង្កឡើង នៅអំឡុងពេលរីករាលដាល់នៃជម្ងឺកូវីដ ១៩កន្លងទៅនេះ។
តាមរយៈសកម្មភាពវិនិយោគពីបរទេស ជាពិសេសមកពីប្រទេសចិនអាចនឹងមានសន្ទុះឡើងវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រកាសកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តនេះឡើងវិញ។ បើសិនជាខេត្តព្រះសីហនុមានសន្ទុះ នៃការវិនិយោគឡើងវិញពិតមែន ត្រូវបានអ្នកជំនាញរំពឹងថា ប្រជាជនខេត្តនេះនឹងអាចរកទទួលទានបានគាប់ប្រសើរជាងបច្ចុប្បន្នផងដែរ៕