តើសង្ឃឹមអី ត្រឹម១សប្ដាហ៍ដើមឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យជិត១០០នាក់លើបទល្មើស៥៩ករណីទៅហើយ?
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា មានជនសង្ស័យចំនួន ៧៥នាក់ត្រូវបានឃាត់ខ្លួន តាមរយៈបទល្មើសព្រហ្មទណ្ឌទូទៅចំនួន ៥៩ករណី ដែលកើតឡើងនៅទូទាំងប្រទេស និងបង្ក្រាបបាន ៥១ករណី ក្នុងរយៈពេលត្រឹមមួយសប្តាហ៍គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
លោក ទូច សុឃៈ (សុខៈ) អតីតអ្នកសារព័ត៌មាន និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបច្ចុប្បន្ននេះបានបន្ថែមទៀតថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង ៥៩ករណីដែលបង្ក្រាបបាន មានករណីលួចចំនួន ២១ករណី អំពើហិង្សា ១៧ករណី លួចមានស្ថានទម្ងន់ទោស (ប្លន់) ៣ករណី រំលោភសេពសន្ថវៈ ៣ករណី ឆក់មាន ២ករណី និងក្រៅពីនេះ ឆបោក ប្រើប្រាស់អាវុធខុសច្បាប់ ឃាតកម្ម និងបំពានផ្លូវភេទ កើតឡើង ១ករណីផងដែរ។
ជាមួយគ្នានេះប្រភពខាងលើបានគួសបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ និងការអនុវត្តវិធានការ ប្រកបដោយសង្គតិភាព តាមទស្សនៈ អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ និងផ្ដល់អនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់វិធានការយ៉ាងយកចិត្តទុកដាក់បំផុត ពិសេសការដាក់ទិសដៅអាទិភាពយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការចាត់វិធានការប្រឆាំងបទល្មើសនានាឲ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
អ្នកនាំពាក្យរងរូបនេះបានបន្ថែមទៀតថា សមត្ថកិច្ចនៅតាមបណ្ដារាជធានីខេត្ត ក្រុងស្រុកខណ្ឌទាំងអស់ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាផងដែរ ដើម្បីបង្ការ និងបង្ក្រាបបទល្មើសទាំងឡាយ ជាពិសេសបទល្មើសដែលពាក់ព័ន្ធនឹងទិសដៅអាទិភាពទាំង ៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានដាក់ចេញ និងតែងតែក្រើនរម្លឹកជារឿយៗ ដល់ស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួងមហាផ្ទៃ៕