បើមិនចង់ខាតពេល និងជាប់គុកឥតអំពើទេ កុំមកប្រលងចូលក្រសួងមួយនេះ!

រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានឱ្យដឹងថា កន្លងមកគណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ធ្លាប់បានរកឃើញមាននិស្សិតក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងជ្រើសរើសជាប់ចូលរៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានា ជាបន្តបន្ទាប់។

ដូច្នេះសម្រាប់ឆ្នាំ២០២៣-២០២៤នេះតទៅត្រូវលុបបំបាត់ជាបន្ទាន់ ហើយអ្នកក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងការដាក់ពាក្យចូលរួមប្រឡងជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង គ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានា នឹងប្រឈមជាប់ពន្ធនារពី ៥ ទៅ ១០ ឆ្នាំ និងទោះបីប្រឡងជាប់ ហើយចេញទៅប្រកបវិជ្ជាជីវៈពេទ្យ ហើយក៏ដោយ ក៏ត្រូវដកសញ្ញាបត្រវិញ និងផ្តន្ទាទោសតាមច្បាប់ថែមទៀត។

ចំពោះនិស្សិតដែលធ្លាប់ត្រូវបានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ លុបឈ្មោះចេញពីបញ្ជីឈ្មោះ និស្សិតប្រឡងជ្រើសរើសជាប់កន្លងទៅ មិនត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិជាថ្មី ឡើងវិញឡើយ។

ដូច្នេះហើយ សម្រាប់សិស្សានុសិស្សដែលមានសញ្ញាបត្រ ឬឯកសារក្លែងក្លាយ និងមានបំណងដាក់ពាក្យចូលរួមការ ប្រឡងថ្នាក់ជាតិ ដើម្បីកុំឲ្យខាតពេល និងជាប់ទោសទណ្ឌដល់ខ្លួន សូមកុំមកដាក់ពាក្យប្រឡងចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល នានាឱ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង