អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលឆ្លើយតប៥ចំណុចទៅកាន់អ្នករិះគន់លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងថាជាចេតនាទុច្ចរិតបំផ្លាញកេរ្តិ៍ឈ្មោះ
ខេត្តសៀមរាប៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបកស្រាយបំភ្លឺជុំវិញមតិរិះគន់វាយប្រហារមកលើសេវាកម្មនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គឺមានចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជនរបស់អាកាសយានដ្ឋានតែប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា ការសរសេររិះគន់អំពីបុគ្គលិកអាកាសយានដ្ឋានសុំលុយធិបពីភ្ញៀវទេសចរ ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានឡើយ ខណៈស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធបានសហការជាមួយក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ណែនាំ ផ្សព្វផ្សាយ និងក្រើនរំលឹកដល់បុគ្គលិករបស់អាកាសយានដ្ឋានឱ្យគោរពប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ វិជ្ជាជីវៈ និងគោលការរណ៍ស្តង់ដារប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនក្នុងការផ្តល់សេវាដល់អតិថិជនឱ្យកាន់តែល្អប្រសើរដូចប្រទេសជឿនលឿនផងដែរ។
ចំពោះការសរសេររិះគន់អំពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដោយលើកយកការបញ្ចេញមតិ ដែលមានកាលបរិច្ឆេទតាំងពី ៣ ទៅ៩ខែ មុនមកម្ល៉េះ លោកថាជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ពីព្រោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទើបតែសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូការ ត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅពីរខែប៉ុណ្ណោះ។
ចំណែកការសរសេររិះគន់អំពីក្រដាសប្រាក់ដុល្លារ ដែលយកទៅចាយមិនដាច់ (អាចជាក្រដាសប្រាក់ចាស់ ឬមានស្នាមប្រឡាក់ រហែក) បន្ទាប់ពីទទួលលុយអាប់ក្រោយពីបង់ថ្លៃតាក់ស៊ី ករណីនេះគឺមិនមានការពាក់ព័ន្ធ ឬស្ថិតនៅក្នុងយុត្តាធិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ។
រីឯការសរសេររិះគន់អំពីមន្ត្រីអន្តោប្រវេសន៍អាកាសយានដ្ឋាន ពាក់ព័ន្ធទៅនឹងអំពើពុករលួយ រដ្ឋលេខាធិការរូបនេះបានអះអាងថា គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដោយកាលបរិច្ឆេទនៃការបញ្ចេញមតិភាគច្រើនបានបង្ហោះមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ត្រូវបើកដំណើរការជាផ្លូវការទៅទៀត។
ចំពោះករណីអន្តោប្រវេសន៍អាកាសយានដ្ឋានក៏បានបកស្រាយថា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានដាក់ផ្លាកជាចំហអំពីតម្លៃទិដ្ឋាការ នៅមុខទីតាំង ផ្តល់ទិដ្ឋាការនៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា ដោយមានសរសេរជាភាសាអង់គ្លេស ដាក់នៅចំពីមុខបញ្ជារ ស្នើសុំទិដ្ឋាការ ជូនអ្នកដំណើរ និងភ្ញៀវបរទេសឲ្យបានឃើញច្បាស់ផងដែរ។
គួររំឮកថា នៅប៉ុន្មានថ្ងៃនេះ មានគណនីហ្វេសប៊ុកមួយបានយកមតិរិះគន់ពីជន់បរទេស តាមរយៈការបញ្ចេញមតិ ប្រព័ន្ធ Rate ពីប្រភពមិនច្បាស់ការ និងយកមកចែករំលែកតៗគ្នា ដែលកំពុងជះឥទ្ធិពលជាខ្លាំងដល់វិស័យទេសចរណ៍កម្ពុជា ជាពិសេសទេសចរណ៍មកកាន់ខេត្តសៀមរាប តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតែម្ដង ហើយភ្លាមៗនោះក៏ត្រូវបានអង្គភាពពាក់ព័ន្ធចេញសេចក្តីបំភ្លឺតប ដើម្បីជៀសវាងការភ័ន្តច្រលំផងដែរ ថានោះគឺជាការលើកឡើងរបស់ជនបរទេសមួយចំនួតតូច ដែលបានលើកឡើងតាំងមុនប្រលានថ្មីខេត្តសៀមរាបដាក់ដំណើរការមកម្ល៉េះ៕