ស្រុកមង្គលបុរី និងស្រុកថ្មគោលកំពុងខ្វះខាតទឹកធ្វើស្រែប្រាំងដូចគ្នា តែមួយហាមផ្តាច់មិនឱ្យធ្វើតែម្ដង!
ប្រជាកសិករស្ថិតនៅឃុំអូរប្រាសាទ និងឃុំរហាត់ទឹក ក្នុងស្រុកមង្គលបូរី កំពុងធ្វើស្រូវប្រាំងដែលជាប្រភេទស្រូវស្តារឡើងវិញ ធ្វើជាលើកទី២ ក្រោយពីទឹកជំនន់បានប៉ះពាលស្រូវលិចទឹកកាលពីចុងឆ្នាំ២០២៣កន្លងទៅ មានស្រុកមង្គលបូរី ឃុំរហាត់ទឹក និងឃុំអូរប្រាសាទ ដែលជាតំបន់ប្រឈមធ្ងន់ធ្ងរជាងគេ អាចខ្វះ១ខែ ឬ១ខែកន្លះទៀត ទើបអាចប្រមូលផលបាន។
បញ្ហានេះត្រូវបានលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យ ថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពព្រឹកមិញថាថ ក្រោយទទួលព័ត៌មានខាងលើហើយ មន្ត្រីជំនាញបានចុះមកពិនិត្យ បើសិនខ្វះទឹកបញ្ចូលស្រូវដែលកំពុងមានដើមដង និងរកដំណោះស្រាយជូន ដោយក្នុងចំណោមផ្ទៃដី២៦៥.០០០ហិកតា ត្រូវស្តារឡើងវិញ២៥.០០០ហិកតា ដែលបង្កបង្កើនផលស្រូវឆ្នាំ២០២៣នេះ បានលើសផែនការ អាចប្រឈមខ្វះទឹកបញ្ចូលស្រូវ។
ជាមួយគ្នានេះលោក ឡាយ សុធី អនុប្រធានមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តខាងលើក៏បានបញ្ជាក់ថា បញ្ហាប្រជាកសិករដែលកំពុងខ្វះទឹកបញ្ចូលស្រូវប្រាំង និងជាស្រូវបង្កបង្កើនផលលើកទី២នេះ មន្ត្រីជំនាញនឹងរកដំណោះស្រាយជូន ដោយរំពឹងទៅលើទឹកផ្នែកខាងលើ ដើម្បីបើកទំលាក់មកសម្រាប់ស្រោចស្រពស្រូវប្រាំងនេះផងដែរ។
យ៉ាងណាមិញ ប្រជាកសិករចំនួន ១០ ឃុំស្ថិតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានព្រំប្រទល់ជាប់គ្នានឹងស្រុកមង្គលបុរីដែរនោះ មិនត្រូវបានអនុញ្ញាតឲ្យបង្កបង្កើតផលស្រូវរដូវប្រាំងនោះទេ ដោយរដ្ឋបាលស្រុកថ្មគោលបានចេញសេចក្តីជូនដំណឹង និងហាមឃាត់ដាច់ខាតនៅការបង្កបង្កើតផលស្រូវសម្រាប់រដូវប្រាំង ឆ្នាំ២០២៣-២០២៤ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះទៅតែម្ដង។
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកថ្មគោល កាលបរិច្ឆេទថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះបញ្ជាក់មូលហេតុថា យោងតាមការពិនិត្យស្ថានភាពទឹកស្តុកបច្ចុប្បន្នក្នុងប្រព័ន្ទស្រោចស្រព អាងកំពីងពួយ និងទឹកស្ទឹងបវេល ដែលជាប្រភពទឹកដ៏សំខាន់នាពេលនេះ មានបរិមាណតិចតួច ដែលមិនអាចធានាបាននូវការផ្គត់ផ្គង់ និងស្រោចស្រពដំណាំស្រូវប្រាំងស្របតាមតម្រូវការនៃការដាំដុះបានឡើយ។
អាស្រ័យហេតុនេះ សេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ មិនអនុញ្ញាតឱ្យប្រជាកសិករក្នុងស្រុកថ្មគោល បង្កបង្កើនផលស្រូវចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះតទៅ និងមិនអនុញ្ញាតឱ្យបូមទឹកចេញពីបឹងអភិរក្សឡើយ ព្រោះត្រូវរក្សាមេត្រីពូជ និងបានដាក់ជូនដល់បណ្តាឃុំទាំង១០ ដែលស្ថិតនៅក្នុងស្រុកថ្មគោល តាមដាន ហាមឃាត់ និងផ្សព្វផ្សាយដល់ប្រជាកសិករឱ្យបានដឹងឮគ្រប់គ្នា ជៀសវាងការខាតបង់ផលប្រយោជន៍របស់ប្រជាកសិករផងដែរ៕