អភិបាលក្រុងកែបដែលធ្លាប់ចុះអនុវត្តច្បាប់ធ្វើឱ្យអាជីវករតំបន់ឆ្នេរមិនសប្បាយចិត្តនោះត្រូវដកដំណែងហើយ!
លោក ខេង យ័ន ឋានន្តរសក្តិវីរមន្ត្រី ថ្នាក់លេខ២ និងជាអភិបាលក្រុងកែបត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ក្រោមបទចោទថា មកពីអភិបាលក្រុងរូបនេះ បំពេញតួនាទីមិនត្រឹមត្រូវ ផ្ទុយពីច្បាប់ ផ្ទុយពីលិខិតបទដ្ឋានគតិយុត្តិ ក្នុងនាមជាអភិបាលក្រុងមួយរូប និងមួយទៀត លោក ខេង យ័ន បានប្រើប្រាស់តួនាទីរបស់រដ្ឋទាញយកផលប្រយោជន៍ឯកជន។ នេះបើយោងតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់បន្ថែមដល់សារព័ត៌មាន។
ទាក់ទងនឹងការចុះផ្សាយព័ត៌មានព្រោងព្រាតនេះលេចឮថា មន្រ្តី ACU ចុះចាប់ខ្លួនលោកអភិបាលក្រុងកែបខាងលើផងដែរ តែខាងអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធថា គ្មានហេតុការណ៍ចាប់ខ្លួនអ្វីនោះទេ តែមន្រ្តីសាលាខេត្តកែបបញ្ជាក់ថា គឺជាការចាប់ភ័ន្តច្រលំប៉ុណ្ណោះ។
គួរបញ្ជាក់ថា លោក ខេង យ័ន ជាអភិបាលក្រុងវ័យក្មេងដ៏មានឥទ្ធិពលនៅក្រុងកែប និងលោកក៏ធ្លាប់បានចុះអនុវត្តច្បាប់ដោយផ្ទាល់លើអាជីវករនៅតាមបណ្តោយឆ្នេរកែប ដើម្បីពង្រីក និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់មាត់សមុទ្រក្រុងកែប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តជាប់សមុទ្រកាន់តែច្រើនបន្ថែមទៀតផងដែរ ប៉ុន្តែក៏ត្រូវបានអាជីវករលក់ដូររាប់សិបឆ្នាំនៅទីនោះ បានខឹងសម្ប៉ាលោកមិនតិចទេ។
ជុំវិញការដកតំណែងលោក ខេង យ័ន នេះដែរ មហាជនកំពុងឃ្លាំមើលថា តើការបញ្ចប់មុខតំណែងលោក ពិតជា ជាប់ទាក់ទងនឹងការអភិវឌ្ឍកន្លងទៅដែរយ៉ាងណា ខណៈមន្ត្រីមានសមត្ថភាព និងនៅក្មេង គួរតែត្រូវបានលើកទឹកចិត្តស្នាដៃ និងការពារដោយច្បាប់ បើសិនជាលោកមិនបានធ្វើឲ្យខុសដូចការចោទពិតប្រាកដទេនោះ៕