ល្អណាស់! លោកអភិបាលស្រុកទឹកឈូកំពុងធ្វើកម្មវិធីពានរង្វាន់សាលាបឋមសិក្សាគំរូទូទាំងស្រុកដោយផ្តោតលើគោលការណ៍បីចំណុចនេះ

ខេត្តកំពត៖ លោក អ៊ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ ខេត្តកំពត កំពុងរៀបចំកម្មវិធីប្រលងប្រណាំងពានរង្វាន់សាលាបឋមសិក្សាគំរូ ទូទាំងស្រុក ដែលមានសាលាបឋមសិក្សាចំនួន ៤៥ សាលារៀន ដោយផ្តោតលើគុណភាពអប់រំ អនាម័យ និងបរិស្ថានស្អាត។

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលស្រុកទឹកឈូ អ៊ឹម ច័ន្ទសោធន-Im Chansothon បានបង្ហោះសួរថា “តើពុកម៉ែ បងប្អូនក្នុងស្រុកទឹកឈូទាំងអស់ គិតថា សាលាបឋមសិក្សា ទាំង៤៥ សាលាក្នុងស្រុក មានគុណភាពអប់រំ និងអនាម័យបរិស្ថានស្អាតហើយឬនៅ?”។

តាមរយៈការបង្ហោះរបស់អភិបាលស្រុក ក៏បានស្នើដល់សាធារណៈជនជួយផ្តល់នូវមតិយោបល់ និងវាយតម្លៃទៅលើឈ្មោះសាលាទាំង ៤៥ ដែលស្ថិតនៅក្នុងស្រុកទឹកឈូទាំងមូលផងដែរថា តើសាលានីមួយៗ បានផ្តោតលើគោលការណ៍ចំណុច “គុណភាពអប់រំ អនាម័យ និងបរិស្ថានស្អាត” ហើយឬនៅ?

គួររំឭកថា ភ្ជាប់ជាមួយគ្នានិងការដាក់ឲ្យមានកម្មវិធីប្រលងប្រណាំងនូវសាលាបឋមសិក្សាគំរូទូទាំងស្រុកទឹកឈូនេះដែរ លោកអភិបាលស្រុកទឹកឈូរូបនេះក៏បានរៀបចំនូវកម្មវិធីពានរង្វាន់ភូមិឋានស្អាតផងដែរ ក្រោមពាក្យស្លោក “បរិស្ថានស្អាត សាលារៀនគំរូ គឺផ្តើមចេញពីពួកយើងគ្រប់យ៉ាង ដើម្បីទឹកឈូផ្ទះយើង” ទូទាំង ៥៥ឃុំ ស្ថិតនៅក្នុងស្រុកទឹកឈូទាំងមូល។

យោងតាមសារព័ត៌មានចុះផ្សាយអំពីកម្មវិធីប្រលងប្រណាំងភូមិឋានស្អាត និងសាលាបឋមសិក្សាគំរូរបស់លោក អ៊ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ លើកទី១ ឆ្នាំ២០២៤នេះដែរ គឺបានប្រកាលចាប់ផ្តើមចាប់ពីថ្ងៃទី១០ ខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤។ សម្រាប់ភូមិឋានស្អាត និងសាលារៀនគំរូដែលត្រូវវាយតម្លៃជាប់ជ័យលាភីនៃការប្រលងប្រណាំងនេះ លេខ១ទទួលបាន ទឹកប្រាក់ចំនួន ៥លានរៀល លេខ២ ផ្តល់នូវទឹកប្រាក់ ៣លានរៀល និងលេខ៣ ទទួលបានទឹកប្រាក់ ២លានរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង