ផលិតករភាពយន្តដ៏ល្បីឈ្មោះ លោក ខាំ ភូរិ សារភាពត្រង់ថា លោកចេះស្តាប់បទរ៉េបដោយសារ វណ្ណដា និងត្រូវហ៊ានទទួលស្គាល់រសនិយមថ្មីនេះ!
ផលិតករភាពយន្តដែលបទពិសោធន៍ច្រើនឆ្នាំនៅក្នុងសិល្បៈលោក ខាំ ភូរិ បានបង្ហាញអារម្មណ៍តាមរយៈសំណេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ពីមុនមកលោកមិនដែលចេះស្តាប់បទចម្រៀងប្រភេទរ៉េបនោះទេ តែលោកបានផ្លាស់ប្តូររសជាតិនិយមរបស់ខ្លួនពីបុរាណនិយម មកស្តាប់បទប្រភេទនេះតាមរយៈតារាចម្រៀងវណ្ណដា។
តាមរយៈសំណេររបស់លោកបានឱ្យដឹងថា “សារភាពទៅខ្ញុំបានទទួលយក និងចាប់ផ្តើមស្តាប់បទបែបនេះ (រ៉េប) នៅពេលដែលមានវត្តមានបទចម្រៀង វណ្ណដា ច្រៀងបទ Jo+2 ហើយក៏បានលួចសរសើរពីស្នាដៃល្អឥតខ្ចោះនៃការតែងនិពន្ធ។ ខ្ញុំក៏បានទៅឆែកមើលបទផ្សេងៗទៀតដែលគាត់បានផលិតឡើង ក៏ចាប់ផ្តើមទទួលយករសជាតិមួយនេះរហូតមក”។
លោកបានបន្តថា វណ្ណដា បានផ្លាស់ប្តូររសនិយមនៃការស្តាប់ចម្រៀងក្នុងយុគសម័យនេះ ក្នុងប្រទេសកម្ពុជាទាំងមូល។ មិនថាវ័យប្រហែលលោក ឬលើសលោកបន្តិចក្តី ក៏បានចាប់ផ្តើមទទួលយកចម្រៀងបែបរ៉េបនេះផងដែរ និងបានបញ្ជាក់ថា ត្រូវហ៊ានទទួលស្គាល់ការពិតក្នុងយុគចម្រៀងសម័យទំនើបនេះ។
តាមរយៈសំណេរដែលលោកបានបង្ហោះនោះ ក៏បានទាញចូលសាច់រឿងដែលប៉ុន្មានថ្ងៃនេះ កើតឡើងសង្គ្រាមពាក្យសម្តីរវាងតារារ៉េបខ្មែរមួយជីវិត នៅក្នុងកម្មវិធី Podcast មួយ និងបានលើកយកឈ្មោះចំៗនូវតារាចម្រៀងដ៏ល្បីឈ្មោះពីរនាក់នៅស្រុកខ្មែរ គឺឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត ថា មិនគួរពួកគាត់មកច្រៀងចម្រៀងបែបរ៉េបនោះទេ ពួកគាត់គួរតែច្រៀងបទដូចដែលគាត់ច្រៀងធ្លាប់ល្បីកន្លងមក។
តាមរយៈការលើកឡើងរបស់តារារ៉េបខ្មែរមួយជីវិតនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រ និងកំពូលតារាចម្រៀងម្នាក់ គឺលោក ខេមរៈ សិរីមន្ត បានផ្ទុះពាក្យសម្តីផ្លែផ្កាដាក់គ្នា រហូតលោក ខាំ ភូរិ ក៏បានលូកមាត់ចូលបន្តិចផងដែរ តាមរយៈសំណេរដដែលនោះ។
លោក ខាំភូរិ បានលើកឡើងដូច្នេះថា “លូកចូលក្នុងសង្គ្រាមពាក្យសម្តីរវាងតារារ៉េបមួយរូប និងកំពូលតារាចម្រៀងប្រចាំប្រទេស ខ្ញុំសុំឈរកណ្តាល តែទាញចំណាប់អារម្មណ៍ប្អូនដែលបានទាញយកឈ្មោះ សិល្បកររៀមច្បង មកវាយតម្លៃថាបែបនេះឬបែបនោះ វាជារឿងគួរអោយសោកស្តាយ ហោចណាស់ក៏ត្រូវហ៊ានទទួលស្គាល់ពីសមត្ថភាពពួកគាត់ដែលបានឈរជើងជាងម្ភៃឆ្នាំលើវិស័យមួយនេះរួចទៅហេហើយ ហើយការវាយតម្លៃបែបណា នោះទស្សនិកជន ក៏បានដាក់ពិន្ទុរួចហើយដែរ”។
លោកបន្តថា “ប្អូនហ៊ានលើកយកឈ្មោះគេមកនិយាយជាសាធារណៈ ប៉ះពាល់ដល់សិទ្ធិ និងអារម្មណ៍ជាលក្ខណ:បុគ្គលគេ គួរហ៊ានសុំទោស មិនគួរតបតបន្ថែមដោយខ្វះការទទួលខុសត្រូវទេ”។ តាមរយៈសំណេរចុងក្រោយរបស់ផលិតកររូបនេះ គឺទំនងជាចង់និយាយទៅកាន់ខ្មែរមួយជីវិត ត្រូវហ៊ាន សុំទោសចំពោះតារាចម្រៀងទាំងពីរនាក់ ដែលគេបាននិយាយឱ្យប៉ះពាល់អារម្មណ៍នោះ ជាសាធារណៈឡើងវិញ ជាជាងតបតដោយខ្វះការទទួលខុសត្រូវបែបនេះ៕