ធ្លាប់តែជាក្មេងរើសបាល់អោយគេពេលនេះស៊ុយ ខនក្លាយជាស្មាត់ឆ្វេងរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស
ស្មាត់ឆ្វេងមកពីខេត្តតាកែវ ស៊ុយ ខន ឬត្រូវបានគេស្គាល់ថា ខន តាកែវ ជាអ្នកជំនាញវ៉ៃបាល់ផ្ដាច់ល្អម្នាក់របស់ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ដោយទើបជួយអោយក្លឹបរបស់ខ្លួនលើកគប់វិសាខាបីធ្មុងទល់នឹងមួយ (៣សិតទល់១សិត) នៅវគ្គផ្ដាច់ព្រ័ត្រលើកពានតេជោលីគជាប្រវត្តិសាស្រ្តយក៦០លានរៀលផ្ទះកាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ជាការពិតណាស់ស្មាត់ឆ្វេងរូបនេះតែងតែខិតខំហ្វឹកហាត់ជាខ្លាំងដើម្បីបំពេញក្តីស្រមៃខ្លួនចង់ក្លាចជាកីឡាករអាជីពបាល់ទះដោយស៊ុយ ខនកាលពីក្មេងធ្លាប់តែជាក្មេងរើសបាល់អោយគេតាមភូមិប្រែក្លាយជាកីឡាករអាជីពរបស់អង្គរក្សដែលខ្វះមិនបានដូចសព្វថ្ងៃនេះ។
ស្មាត់តាកែវ ស៊ុយ ខន បានចូលហាត់បាល់ទះជាមួយអង្គរក្សកាលឆ្នាំ២០១៩ កើតនៅភូមិត្បាច ស្រុកសំរោង ឃុំជើងគួន ខេត្តតាកែវ មានកម្ពស់ ១,៧៨ ម៉ែត្របានជួយក្រុមអង្គរក្សទទួលបានជ័យជម្នះជាលើកដំបូងនៃពានរង្វាន់តេជោលីគជាប្រវត្តិសាស្រ្តរបស់ក្លឹប។