អេមណាស់! កៅ បុរី បាន​ម៉ូតូថ្មី១ គ្រឿង ក្រោយជួយឲ្យក្រុម​ស្នងការត្បូងឃ្មុំ លើកពានភូមិភាគ​កំពង់​ចាម…!

ក្រោយជួយឲ្យក្រុមកីឡាបាល់ទះ​ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឈ្នះជើងឯកពានភូមិភាគកំពង់ចាម WURKZ Special Volleyball Cup 4×4 ឆ្នាំ​២០២៤ កាលពីពេលថ្មីៗនេះ កៅ បុរី ដែល​ជា​អ្នកប៉ះសេ​ឆ្នើម​និងជាប្រធានក្រុម ត្រូវបានលោកឧត្ដមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនិងជាប្រធានកីឡាបាល់ទះនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភម៉ូតូហុងដាឌ្រីម១ គ្រឿងជាការលើកទឹកចិត្ត។

ពិតណាស់ ជាមួយនឹង​រង្វាន់​លើក​ទឹក​ចិត្ត​ដ៏ធំ​មួយនេះ កៅ បុរី បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ជា​ខ្លាំង​ និង​បាន​ប្ដេជ្ញា​ចិត្ត​ខំប្រឹងប្រែង​បន្ថែម​ទៀតនៅ​ការ​ប្រកួត​ធំ​នៅ​រាជធានី​ភ្នំពេញ​ ហើយបើតាម​ការ​បញ្ជាក់​​ពីអតីត​អ្នក​ប៉ះសេ​​ក្លឹប​បញ្ជាការរដ្ឋាន​អង្គរក្ស ការ​ផ្ដល់​ជូន​ម៉ូតូ​ហុងដាឌ្រីមឆ្នាំ​២០២៤​ ដ៏​ថ្មី​សន្លាងមួយ​នេះ គឺ​ដោយសារ​​​តាំង​ពី​បង្កើត​ក្រុម​កកីឡា​បាល់ទះ​ស្នងការ​ខេត្ត​ត្បូង​ឃ្មុំ​មក រូប​គេ​ពុំ​ដែល​បាន​ទទួល​ប្រាក់​​ឧបត្ថម្ភបន្ថែម​ពីលើ​ឡើយ ចំណែក​កីឡា​ករ​ក្មេងៗពួកគេ​​ទទួល​បាន​ជាហូហែរ។

កៅ បុរី បាន​ពន្យល់​ថា៖ “​តាំង​ពី​កកើត​ក្រុម​កីឡាមក ​គាត់​អត់​ដែល​បាន​អី​ឲ្យ​ខ្ញុំ​ ដោយសារ​ក្មេង​ៗ​មាន​ប្រាក់​ឧបត្ថម្ភពី​លើ​ ហើយ​ខ្ញុំ​អត់​បានទេ ជួយ​ហ្វឹក​ហាត់​និង​ដឹក​នាំ​ក្រុម​រហូត​តាំង​ពី​២០២២​ មក ហើយ​គាត់​ថា​លុយ​កាក់​គាត់​មិន​ដែល​ឧបត្ថម្ភ អ៊ី​ចឹង​គាត់​ឧបត្ថម្ភសរុប​ឲ្យ​ខ្ញុំ​ចឹង​ទៅ”។

គួរបញ្ជាក់ផងដែរថា ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មីនា ឆ្នាំ​២០២៤​ កន្លង​ទៅ ​បាន​យក​ឈ្នះ​លើ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ចាម ក្នុង​​លទ្ធផល ២សិតទល់​១​សិត នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើក​ពាន​ភូមិភាគ​ប្រចាំ​ខេត្ត​កំពង់​ចាម Wurkz Special Volleyball Cup 4×4 ឆ្នាំ​២០២៤៕

អត្ថបទដែលជាប់ទាក់ទង