អីយ៉ា! ឥឡូវនេះស្មាត់ធំ គួន ម៉ុម បានឆ្លើយតបជាមួយ សុវណ្ណនាថ ហើយ ក្រោយគាត់ទទូចចង់សងសឹក…

ក្រោយពីចាញ់ គួន ម៉ុម ទាំងមិនអស់ចិត្ត កីឡាករ​ល្បីល្បាញក្នុង​វិស័យ​កីឡាបាល់ទះ​ក្រៅផ្លូវការ វ៉េត សុវណ្ណនាថ ដែលជាដៃគូរបស់ ម៉ាប់ឆ្វេង បានចេញវីដេអូ ជាច្រើនលើកច្រើនសារផ្ញើទៅកាន់ គួនម៉ុម ដែលកំពុងលេងនៅលីគវៀតណាម អំពីការចង់សងសឹក ហើយមិនតែប៉ុណ្ណោះស្មាត់ធំរូបនេះ ថែមទាំងបានពន្យារពេលសំបុត្រយន្តហោះទៅអាមេរិកទៀតផង។

ពិតណាស់ ពាក់ព័ន្ធនឹងការមិនទាន់ទទួលបានការឆ្លើយតបនេះ សារព័ត៌មានមួយសួរ គួនម៉ុម តាមរយៈ Facebook ហើយពេលនោះ ក៏បានចម្លើយពី គួន ម៉ុម ថា៖ រីករាយបើកឲ្យ វ៉េត សុវណ្ណនាថ សងសឹក ដើម្បីឲ្យគេបានអស់ចិត្ត ហើយត្រឡប់ទៅអាមេរិកដោយសប្បាយរីករាយ។

យ៉ាងណាមិញ ស្មាត់ធំរបស់សមាគមបាល់ទះវិសាខា គួន ម៉ុម បានចេញមុខឆ្លើយតបទៅកាន់ សុវណ្ណនាថ ថា៖ រូបគេនឹងត្រឡប់មកកម្ពុជាឆាប់ៗ ដូច្នេះការប្រកួតអាចនឹងកើតឡើងមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

គួន ម៉ុម បាននិយាយថា៖ “ខ្ញុំ Comment តបហើយតើ ខ្ញុំថាដាក់មុនចូលឆ្នាំទៅ ព្រោះខ្ញុំទៅវិញមុនចូលឆ្នាំ អំឡុងថ្ងៃ ៨ ថ្ងៃ៩ ទៅដល់ខ្មែរវិញហើយ ថាយ៉ាងយូរថ្ងៃ១០ ខ្ញុំថាដាក់ឲ្យគាត់តើ ហើយការប្រកួតមួយ​នេះនឹង​កើតឡើង ហើយប្រាកដណាស់​ផ្អើលស្រុកខ្មែរ ហើយ​ក៏ជា​ការប្រកួត​មួយ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ”។

គួរបញ្ជាក់ផងដែរថា ការប្រកាសសងសឹករបស់ជើងខ្លាំង វ៉េត សុវណ្ណនាថ ធ្វើឡើងក្រោយចាញ់ គួន ម៉ុម សឿន ហេង និង សួន ចាន់ណារ៉ូ ទាំងពិន្ទុប្រដេញគ្នាកាលពីពេលថ្មីៗនេះ ខណៈអេគីបរបស់ សុវណ្ណនាថ មាន ម៉ាប់ឆ្វេង និង ផានិត ប៉ះសេ៕

អត្ថបទដែលជាប់ទាក់ទង