មកដឹងពីមូលហេតុដែល Ronaldo ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិព័រទុយហ្គាល់
Cristiano Ronaldo នឹងខកខានការប្រកួតមិត្តភាពទល់និងក្រុមជម្រើសជាតិស៊ុយអែត ខណៈដែលលោក Roberto Martinez បានផ្លាស់ប្តូរសមាសភាពក្រុមភ្លាមៗ។ លោក Martinez បានដាក់បញ្ចូលឈ្មោះម្ចាស់ Ballon d’Or ៥សម័យ ចូលក្នុងបញ្ជីកីឡាករ ៣២រូបចុងក្រោយ ប៉ុន្តែគាត់បានដកឈ្មោះគាត់ចេញក្នុងការប្រកួតទល់និងស៊ុយអែត។ មិនមែនមានតែ Ronaldo ទេដែលអវត្តមានក្នុងការប្រកួតទល់និងស៊ុយអែតក្នុងនោះមានតារាឆ្នើមៗជាច្រើនដូចជា Diogo Dalot, Joao Cancelo, Danilo Pereira, Otavio, Ruben Dias, Vitinha និង Joao Felix ផងដែរ។
បើយោងតាម ESPN, មូលហេតុដែលខ្សែប្រយុទ្ធរបស់ Al Nassr ត្រូវបានដកចេញពីក្រុមជម្រើសជាតិគឺដោយសារ គាត់បានទៅដើរកំសាន្តជាមួយគ្រួសារនៅអារ៉ាប៊ីសាអូឌីត បន្ទាប់ការសម្រាកដកឃ្លារបស់លីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League។ អតីតកីឡាករឆ្នើមរបស់ Real Madrid រូបនេះបានលេងឲ្យ Al Nassr ៩០នាទីពេញក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ទល់និង Al Ahli ដូច្នេះវាពិតជាសំខាន់ក្នុងការយកពេលវេលាខ្លះដើម្បីសាកថ្មជីវិតជាមួយគ្រួសារ។ គោលដៅបន្ទាប់របស់អតីតខ្សែបម្រើរបស់ Man United រូបនេះគឺនឹងត្រូវបង្ហាញខ្លួនក្នុងការប្រកួតទល់និងស្លូវេនីនៅថ្ងៃទី២៦ខែមីនានេះ មុនត្រឡប់ទៅជួយ Al Nassr ដែលនឹងត្រូវជួបជាមួយ Al Tai នៅថ្ងៃទី៣០៕