បណ្តាសារបស់ក្លិប Benfica

តើប្រិយមិត្តបានដឹងដែរឬទេពីបណ្តាសារបស់ក្លិប Benfica ដែលធ្វើឲ្យពួកគេមិនអាចឈ្នះពានរង្វាន់កំពូលរបស់អឺរ៉ុបក្នុងរយៈពេល១០០ឆ្នាំ? ក្នុងឆ្នាំ១៩៦១ Benfica បានក្លាយជាជើងឯក Champions League ដោយបំបាក់ Barcelona ហើយក្នុងឆ្នាំ១៩៦២ពួកគេបានក្លាយជើងឯកម្តងដោយបំបាក់ Real Madrid។

បន្ទាប់មកលោក Bela Guttman ដែលជាគ្រូបង្វឹករបស់ Benfica នៅពេលនោះបានស្នើដំឡើងប្រាក់ខែ ប៉ុន្តែក្លិបដែលមានមូលដ្ឋាននៅទីក្រុង Lisbon មួយនេះបានបដិសេធសំណើរមួយនេះហើយប្រាប់គាត់ថា ប្រាក់ខែគឺអាចឡើងបានសម្រាប់តែកីឡាករប៉ុណ្ណោះ មិនមែនសម្រាប់គ្រូបង្វឹកនោះទេ។ ហើយពួកគេបានបណ្តេញលោក Guttman ចេញពីតំណែងផងដែរ បន្ទាប់មកលោកក៏បានដាក់បណ្តាសាឲ្យក្លិបមួយនេះដោយមិនឲ្យពួកគេអាចឈ្នះពានរង្វាន់អឺរ៉ុបមិនថា Champions League ឬ Europa League ឡើយក្នុងរយៈពេល១០០ឆ្នាំ។ ក្នុងឆ្នាំ១៩៦៣ Benfica បានចាញ់វគ្គផ្តាច់ព្រ័ត្រ Champions League ក្រោមថ្វីដៃ Inter Milan ពួកគេក៏បន្តក្លាយជាជើងឯករងក្នុងពានមួយនេះក្នុងឆ្នាំ១៩៦៥,៦៨និង៨៨។

ហើយនៅពេលពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រឆ្នាំ១៩៩០ ពួកគេបានកាន់ផ្នូររបស់លោក Guttman ដើម្បីធ្វើការសំទោសប៉ុន្តែពួកគេនៅតែចាញ់។ ហើយពួកគេបន្តចាញ់ក្នុងឆ្នាំ២០១៣ក្នុងពានរង្វាន់ Europa League, បន្ទាប់មក Benfica បានសង់រូបសំណាក់លោក Guttman ក្នុងគោលបំណងចង់បំបែកបណ្តាសាមួយនេះហើយក្នុងឆ្នាំ២០១៤ក្នុងពានរង្វាន់ Europa League ដដែលពួកគេនៅតែជាជើងឯករងក្រោយចាញ់ក្រុម Sevilla៕

អត្ថបទដែលជាប់ទាក់ទង