Anthony Martial ត្រូវបានក្លឹបធំៗចំនួនបីសម្លឹងឃើញរូបគេបន្ទាប់ពីបានបញ្ជាក់ពីការចាកចេញរបស់ Man Utd

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial បានចំណាយពេល 9 ឆ្នាំនៅទឹកដី Old Trafford ប៉ុន្តែក្រោមការដឹងនាំរបស់លោក Erik Ten Hag រូបគេមិនសូវបានបង្ហាញខ្លួននៅលើទីលានទេ ពោលគឺរូបគេបានបង្ហាញខ្លួនត្រឹមតែ 13 ប្រកួតប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League ។

ក្រុមបិសាចក្រហម Manchester United បានសម្រេចចិត្តមិនបន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធរូបនេះឡើយ ។

យោងតាមសារព័ត៌មាន Sky Sports បានអោយដឹងថាកីឡាករវ័យ 28 ឆ្នាំរូបនេះទំនងអាចនឹងទៅលីគកំពូលបារាំងវិញខណៈដែលក្រុម Lyon និងក្រុម Marseille កំពុងចាប់អារម្មណ៍ក្នុងការនាំយករូបគេនៅរដូវក្តៅនេះ ចំណែកឯក្រុម Besiktas មកពីលីគកំពូលទួរគីក៏ចាប់អារម្មលើរូបគេផងដែរ ។

ប្រសិនបើរូបគេផ្លាស់ប្តូរទៅកាន់ក្រុម Lyon នោះមានន័យថារូបគេបានទៅផ្ទះចាស់របស់គេអញ្ចឹង ពោលគឺគាត់បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់នៅក្នុងវ័យ១៤ឆ្នាំជាមួយថ្នាល់យុវជនក្រុម Lyon ។

Martial បានប្រកាសចាកចេញពី Old Trafford កាលពីដើមសប្តាហ៍មុន។ គាត់បានបង្ហោះសារលាដ៏រំជួលចិត្តមួយនៅលើ Instagram រួមជាមួយនឹងវីដេអូពេលដែលគាត់កំពុងលេងអោយក្រុម Man Utd ។

គួរបញ្ជាក់ផងដែរថា Anthony Martial បានចូលរួមជាមួយក្រុមបិសាចក្រហមតាំងពីឆ្នាំ ២០១៥ រហូតមកសល់បច្ចុប្បន្ន រូបគេបានបង្ហាញខ្លួនអោយក្រុម Man Utd បាន ៣១៧ប្រកួតនិងរកគ្រាប់បាល់បាន ៩០គ្រាប់គ្រប់ការប្រកួតទាំងអស់របស់ក្រុម Man Utd ។

អត្ថបទដែលជាប់ទាក់ទង