វៀតណាម និងថៃ ត្រូវប្រជែងគ្នាដណ្តើមយកកៅអីលេខ១ ក្នុងពូលB យប់នេះ

ក្រុមខ្លាំងតំបន់អាស៊ាន ថៃ និងវៀតណាម នឹងត្រូវជួបគ្នានៅកីទ្បដ្ឋាន Prince ដើម្បីប្រកួតប្រជែង​ដណ្តើម​យក​កៅអីលេខ១ សម្រាប់ប្រកួតជុំចុងក្រោយ នៃវគ្គសន្សំពិន្ទុក្នុងពូលB លើវិញ្ញាសាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ នាវេលាម៉ោង១៩:០០យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ។ ទោះយ៉ាងណា ក្រុមថៃ និងវៀតណាម ធ្លាប់ប៉ះជាច្រើនលើករួចមកហើយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមចាប់តាំងពីឆ្នាំ១៩៥៩មកម្ល៉េះ។

នៅក្នុងពូលB បច្ចុប្បន្នក្រុមខ្លាំងតំបន់អាស៊ានទាំងពីរលេង ៣ប្រកួត និងមាន ៩ពិន្ទុដូចគ្នា ប៉ុន្តែក្រុមដំរីសឹកថៃ ដឹកនាំដោយលោក Issara Sritaro កំពុងកាន់កាប់តំណែងកំពូលតារាងពិន្ទុជាបណ្នោះអាសន្នសិន ដោយឈ្នះគ្រាប់បាល់ចំណេញលើក្រុមវៀតណាមចំនួន២គ្រាប់ ខណៈដែលការប្រកួតចុងក្រោយរវាងក្រុមខាងលើនេះ នឹងត្រូវលេងលើកចុងក្រោយនៅយប់នេះ ដើម្បីកំណត់ថាក្រុមណាជាក្រុមលេខ១ ឬលេខ២ ទ្បើងទៅជួបជាមួយក្រុមខ្លាំងឥណ្ឌូណេស៊ី និងភូមា នាការប្រកួតវគ្គពាក់កណ្តាលព្រ័ត្រ ឬ Semi-Final..។

ដោយទ្បែកលោក Philippe Troussier ដែលដឹកនាំក្រុមវៀតណាម ក៏បង្ហាញនូវឆន្ទៈស្រេកឃ្លានជ័យជម្នះលើក្រុមថៃ ជាលើកដំបូងក្នុងអាជីពជាគ្រូបង្គោលរបស់ខ្លួន ដើម្បីជាការព្រមានដល់ក្រុមផ្សេងៗទៀតនៅវគ្គបន្ត ។ ហើយអ្វីដែលពិសេសនោះ លោក Troussier បានកំណត់គោលដៅយកមេដាយមាសជាលើកទី៣ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២២៣ នេះផងដែរ។

គួររំលឹកថា ប្រវត្តិជួបគ្នា ៣ប្រកួតចុងក្រោយ ពោលគឺនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ថៃ ៣-០ វៀតណាម និងលើកទី២ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ថៃ និងវៀតណាម ស្មើគ្នា ២-២ និងចុងក្រោយនៅឆ្នាំ២០២១ វៀតណាម បានយកឈ្នះក្រុមថៃ ១-០ នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។

អត្ថបទដែលជាប់ទាក់ទង