ក្រុមកីទ្បាករឥណ្ឌូណេស៊ី U-22 ទទួលប្រាក់រង្វាន់ម្នាក់ៗ២៧០០០ដុល្លារ បន្ទាប់ពីជួយក្រុមឈ្នះមេដាយមាសនៅកម្ពុជា

ក្រុមកីទ្បាករឥណ្ឌូណេស៊ី U-22 ទទួលប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗ២៧០០០ដុល្លារសហរដ្ឋអាម៉េរិក បន្ទាប់ពីជួយឱ្យក្រុមដណ្តើមបានមេដាយមាស លើវិញ្ញាសាបាល់ទាត់ផ្នែកបុរសអាយុក្រោម២២ឆ្នាំ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា។

ក្រុមឥណ្ឌូណេស៊ី ដឹកនាំដោយ លោក Indra Sjafri នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៃវិញ្ញសាបាល់ទាត់ផ្នែកបុរសអាយក្រោម២២ឆ្នាំ រៀបចំក្រុមបានយ៉ាងល្អប្រសើរ បន្ទាប់ពីលេង៦ប្រកួត ចាប់តាំងពីវគ្គសន្សំពិន្ទុ រហូតដល់វគ្គផ្តាច់ព្រ័ត្រ មិនបរាជ័យសូម្បីម្ដងទ្បើយ ខណៈដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមរបស់លោក បានយកឈ្នះលើក្រុមដំរីសឹកថៃ ដែលស្ថិតនៅ ក្រោមការដឹកនាំរបស់លោក Issara Sritaro ដោយបញ្ចប់លទ្ធផល ៥-២ ក្នុងម៉ោងបន្ថែម១៥នាទី ២ដង ក្រោយពីប្រកួត៩០នាទី ក្រុមទាំងពីរស្មើគ្នា ២-២ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

យ៉ាងណាមិញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រុមកីទ្បាករ គ្រូបង្គោល និងមន្រ្តីពាក់ព័ន្ធរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានធ្វើការដង្ហែក្បួន ដើម្បីអបអរមេដាយមាសស៊ីហ្គេម លើកទី៣២ នៅតាមដងវិថីធំៗនាទីក្រុងហ្សាកាតា បន្ទាប់ពីខកខានក្នុងការដណ្តើមមេដាយមាស អស់រយៈពេល៣២ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ១៩៩១ មកម៉្លេះ។ សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមឥណ្ឌូណេស៊ី និងថៃ ត្រូវបានសហព័ន្ធកីទ្បាបាល់ទាត់អាស៊ី ឬ AFC បើកការស៊ើបអង្កេតលើសកម្មភាពជម្លោះ ដែលក្រុមទាំងពីរបានប្រើប្រាស់អំពើហិង្សា អំទ្បុងពេលប្រកួតនៅលើទីលាន ​នាវគ្គបន្ថែមម៉ោង១៥នាទី ២ដងលើកទីមួយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង