ចំណាត់ថ្នាក់ខ្សែបម្រើប្រយុទ្ធល្អបំផុតទាំង ៤នៅ Premier League ឆ្នាំ២០២២-២០២៣

ខ្សែបម្រើកណ្តាលរបស់ក្រុមត្រូវបានគេសំដៅជាទូទៅថាជាក្បាលម៉ាស៊ីន និងជាស្នូលសំខាន់របស់ក្រុម។ ខណៈពេលដែលយើងកំពុងមើលឃើញពីការថយចុះនៃខ្សែបម្រើប្រយុទ្ធកំពូលៗមួយចំនួន ហើយក៏កំពុងឃើញការលេចចេញនូវខ្សែបម្រើដ៏ប៉ិនប្រសប់ ច្រើនថ្មីៗផងដែរ។ ដូច្នេះហើយ យើងងាកមកមើលការដាក់ចំណាត់ថ្នាក់ខ្សែបម្រើប្រយុទ្ធកំពូលទាំងបួនក្នុង Premier League នាពេលបច្ចុប្បន្ននេះ(២០២២-២០២៣)។

ទី៤,  James Maddison របស់ក្លិប Leicester City៖
កីឡាករសញ្ជាតិអង់គ្លេសរូបនេះរកបាន ១០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៩ដងក្នុងការបង្ហាញខ្លួន ៣១ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។ ទោះបីជាមានហាងឆេងមិនអំណោយផលទាំងអស់ក៏ដោយ Maddison អាចត្រូវបានបញ្ជាក់ថាប្រសិនបើរូបគេនៅក្នុងក្រុមដែលជាប់លាប់ជាងនេះគេអាចធ្វើបានល្អជាងបន្ថែមទៀត។ ប្រសិនបើ Leicester City មិនអាចរួចផុតពីការកាត់ចោលនៅប៉ុន្មានថ្ងៃខាងមុខនេះទេនោះ វាគ្មានការសង្ស័យទេដែលខ្សែបម្រើរូបនេះចាកចេញពីក្លិបនៅរដូវក្តៅនេះ។

ទី៣, Bruno Fernandes របស់ក្លិប Manchester United៖
ខណៈពេលដែល Fernandes ធ្វើមិនបានល្អកាលពីរដូវកាលមុនឲ្យ Manchester United ប៉ុន្តែបច្ចុប្បន្នរូបគេបានរួមចំណែកសម្រាប់បិសាចក្រហមនៅទម្រង់ដ៏អស្ចារ្យនារដូវកាលនេះ។ Fernandes ស៊ុតបញ្ចូលទីបាន ១១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ១៥លើកក្នុងការបង្ហាញខ្លួន ៥៦ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ ដូចគ្នានេះដែល រូបគេបានបង្កើតឱកាសច្រើនជាងគេនៅក្នុងលីគកំពូលទាំងប្រាំរបស់អឺរ៉ុប ចំនួន ១២២លើក។

ទី២, Martin Ødegaard របស់ក្លិប Arsenal
កីឡាករសញ្ជាតិន័រវេសគឺជា កីឡាករម្នាក់ក្នុងចំណោមកីឡាករដែលនៅពីក្រោយភាពជោគជ័យនាពេលថ្មីៗនេះរបស់ក្លិប Arsenal ក្នុងខ្សែបម្រើនៅរដូវកាលនេះ ដោយសារវត្តមានរបស់គេមានសារៈសំខាន់ក្នុងតំបន់ប្រយុទ្ធ។ Odegaard បានស៊ុតបាលបញ្ចូលទី ១៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដងក្នុងការបង្ហាញខ្លួន ៤៤ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុមកាំភ្លើងធំ។ ដូចគ្នានេះដែរ រូបគេគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Arsenal នៅ Premier League។

ទី១, Kevin De Bruyne របស់ក្លិប Manchester City
គ្មានការងឿងឆ្ងល់អ្វីទេថា កីឡាករសញ្ជាតិបែលហ្ស៊ិកគឺជាខ្សែបម្រើដែលប៉ិនប្រសប់ និងឆ្លាតវៃបំផុតនៅក្នុងលីគ ទាំងនៅគ្រប់រដូវកាល។ De Bruyne រកបាល់បាន ១០គ្រាប់ និងបញ្ជូន ២៨ដងក្នុងការបង្ហាញខ្លួន ៤៧លើកសម្រាប់ក្រុមមេឃខៀវនៅគ្រប់ការប្រកួតទាំងអស់ ហើយរូបបានជាប់ឈ្មោះជាកីឡាករបញ្ចូនបាល់ឲ្យមិត្តរួមក្រុមច្រើនជាងគេបំផុតនៅ Premier League៕

ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង