មើលទៅធ្ងន់ធ្ងរ! លោក Ten Hag ពីការព្រួយបារម្ភអំពីរបួសរបស់ Antony កាលពីយប់មិញ
អ្នកចាត់ការទូទៅលោក Erik ten Hag បាននិយាយ នៅពេលដែលមានការសាកសួរអំពីរបួសរបស់ Antony ពេលប្រកួតជាមួយក្រុមតោខៀវ Chelsea កាលពីយប់មិញនេះ ដោយក្រុមបិសាចក្រហម Manchester United ទទួលបានជ័យជម្នះក្នុងលទ្ធផល ៤-១។
Erik ten Hag បង្ហើបថា៖ យើងត្រូវរង់ចាំ សម្រាប់របួស Antony មើលទៅធ្ងន់ធ្ងរ ប៉ុន្តែយើងមិនដឹងថាវាជាអ្វីនោះទេ។ យើងត្រូវរង់ចាំបន្តិចនឹងដឹងបន្ថែមទៀតនៅថ្ងៃស្អែក។
ជាការពិតណាស់ Antony បានលេចចេញស្នាមជាំនៅលើកជើង ហើយដួលដោយការឈឺចាប់បំផុត ទោះជាមានការព្យាបាលភ្លាមៗក៏ដោយ តែខ្សែបម្រើស្លាបរូបនេះ មិនអាចក្រោកឈរបន្តការប្រកួតបានទៀតនោះទេ យ៉ាងណាអំឡុងពេល Antony កំពុងស្រក់ទឹកភ្នែកលើទីលាន ខណៈនោះអ្នកទស្សនានៅក្នុងកីឡដ្ឋាន Old Trafford បាននាំគ្នាទះដៃយ៉ាងខ្លាំងដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេលើ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។
គួរបញ្ជាក់ថា ឥឡូវនេះ Antony Santos គឺជាការសង្ស័យដ៏សំខាន់សម្រាប់ការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រដ៏ធំជាមួយនិងក្រុម Manchester City ៕