ចិត្តល្អពេកហើយ សឹងរកគ្មានទេ! កំពូលវីរកីឡាការិនីបេះដូងខ្មែរ ស្រឡាញ់ខ្មែរពិត បន្តធ្វើរឿងនេះមួយទៀតហើយ
នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះវីរកីឡាការិនី ស្រួង ភាវី បានបង្ហោះលើគេហទំព័រហ្វេសបុកផ្លូវការថា ខ្លួនបានចុះកុងត្រាជាមួយក្រុមហ៊ុន អាកាសចរណ៍ស្កាយអង្គរ SKY ANGKOR ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន។
កីឡាការិនីឆ្នើមរូបនេះ បានសរសេររៀបរាប់ក្នុងសារនោះថា «សូមជម្រាបពុកម៉ែបងប្អូន!នាងខ្ញុំបានចុះកុងត្រាជាមួយក្រុមហ៊ុនអាកាសចរណ៍ ស្កាយអង្គរ SKY ANGKOR ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន។ ការចុះកុងត្រានេះខ្ញុំមិនយកប្រាក់សម្រាប់ខ្លួនឯងទេ គឺខ្ញុំបានបង្វិលទៅជាកិច្ចការសប្បុរសធម៌វិញ។ គឺថាប្រសិនបើខ្ញុំត្រូវមានកិច្ចការសប្បុរសធម៌ត្រូវធ្វើ ឬមានប្អូនៗ ក៏ដូចជាប្រជាជនខ្មែរយើងដែលមានជីវភាពខ្វះខាត ហើយត្រូវបានអង្គការសប្បុរសធម៌របស់នាងខ្ញុំធានាពួកគាត់មកព្យាបាលជំងឺនៅប្រទេសកូរ៉េ គឺមិនតម្រូវឱ្យយកប្រាក់ពីពួកគាត់ឡើយ»។
ជាមួយគ្នានេះនាងក៏បានបញ្ជាក់ថា «ការស្នើលក្ខខណ្ឌរបស់នាងខ្ញុំនេះ គឺបានខាងក្រុមហ៊ុនទទួលយល់ព្រមដោយសេចក្ដីសោមនស្សរីករាយទាំងអស់គ្នា។ ខ្ញុំមានខ្លួនតែមួយរាល់កិច្ចការដែលខ្ញុំទទួលធ្វើទាំងអស់គឺជាអម្រែកដ៏ធំធេង ប៉ុន្តែការលះបង់ទាំងប៉ុន្មានរបស់ខ្ញុំវាមានតម្លៃធំធេងពេកសម្រាប់ប្រទេសក៏ដូចជាប្រជាជនខ្ញុំ ទើបធ្វើឱ្យខ្ញុំញញឹមទទួលធ្វើទាំងដឹងថាវាជាអម្រែកដ៏ធំធេង»៕