អនាគតរបស់សាលាដូងលើភ្នំគិរីរម្យទៅជាយ៉ាងណា ក្រោយស្ថាបនិករូបនេះចាកចេញ?

រាជធានីភ្នំពេញ៖ និយាយពីឈ្មោះសាលាដូង មានមិត្តអ្នកអានខ្លះបានស្គាល់ទាំងស្ថាបនិកសាលានេះថែមទៀត ខណៈដើមឡើយមានការផ្សព្វផ្សាយយ៉ាងច្រើនពីបុរសរាងល្មម ទាំងកម្ពស់ មាឌ និងមានសម្រស់រាងសណ្តែកបាយ ទឹកមុខពោពេញដោយក្តីសង្ឃឹមខ្ពស់ និងមុះមុតជាមួយគោលដៅរបស់លោក ដោយមាននាម “វណ្ណដេ និងត្រកូល អ៊ុក” ឬហៅថា អ៊ុក វណ្ណដេ។

លោក អ៊ុក វណ្ណដេ មានប្រវត្តិតស៊ូបង្កើតសាលាដូងឡើងតាំងពីនៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅអំឡុងឆ្នាំ២០១៤-១៥ មកម្ល៉េះ ហើយក្រោយមកលោកបានប្រគល់សាលានោះទៅឲ្យអ្នកគ្រប់គ្រងថ្មីកាន់កាប់ និងបានប្តូរឈ្មោះទៅ “Home School” ហើយអំឡុងឆ្នាំ២០១៨ លោកក៏បានមកផ្តួចផ្តើមបង្កើតសាលាដូងមួយទៀតនៅលើកំពូលភ្នំគិរីរម្យ។

ប្រវត្តិនៃការបង្កើតសាលាដូងនេះ លោកធ្លាប់បានប្រាប់ថា គំនិតរបស់លោកចង់ជួយដល់កូនខ្មែរឲ្យមានចំណេះដឹងតាមដែលអាចធ្វើទៅបាន ដោយផ្សារភ្ជាប់ជាមួយបរិស្ថានរស់នៅស្អាត ដោយលោកបានយកសំណល់សំរាមដែលអាចកែច្នៃបាន សម្រាប់ធ្វើជាសម្ភារៈប្រើប្រាស់នៅក្នុងសាលារបស់លោក ដូចជាតុ កៅអី រួមទាំងជញ្ជាំងសាលាក៏ច្នៃពីដបស្រាបៀរ និងកំប៉ុងបៀរផងដែរ ព្រមទាំងសំបកកង់ឡាន បានមកតាមរយៈការផ្តល់ពីកូនសិស្ស និងអាណាព្យាបាលសិស្ស ជំនួសដោយការយកថវិកាផ្ទាល់។

នៅអំឡុងពេលចាប់ផ្តើមដំបូងៗ លោកបានប្រកាសស្វែងរកជំនួយពីគ្រប់មជ្ឍដ្ឋាន សម្រាប់គាំទ្រដល់គម្រោងរបស់លោក ហើយជាក់ស្តែងនោះឃើញថា សាលាមួយនេះបានដំណើរការមកដល់ពេលបច្ចុប្បន្ន និងទទួលបានកេរ្តិ៍ឈ្មោះគួរជាទីគាប់ប្រសើរផងដែរ តាមរយៈការដឹកនាំផ្ទាល់របស់លោក អ៊ុក វណ្ណដេ ព្រមទាំងមានសិស្សជាច្រើនរយនាក់មកសុំរៀនសូត្រពីសាលាលោក ជាពិសេសក្មេងៗ ដែលកំពុងរស់នៅតំបន់ឧទ្យានជាតិគិរីរម្យតែម្ដង។

កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ អំឡុងពេលដំណើរកម្សាន្តប្រចាំឆ្នាំ ក្រុមហ៊ុន Media 365 Solution បានធ្វើជំនួយសប្បុរសធម៌ទៅកាន់សាលាមួយនេះ ដែលមានសម្ភារៈប្រើប្រាស់ និងថវិកាចំនួន ២ពាន់ដុល្លារសហរដ្ឋអាមេរិកផងដែរ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាបន្ថែមទៀត ក្រោមការចាត់ចែងរបស់លោក អ៊ុក វណ្ណដេ ដោយផ្ទាល់។
ឆ្លៀតក្នុងឱកាសនៃការធ្វើជំនួយសប្បុរសធម៌ទៅកាន់សាលាដូង ថ្នាក់ដឹកនាំក្រុមហ៊ុន និងសហការីក៏បានលើកជាសំណួរទៅកាន់អ្នកគ្រប់គ្រងនោះផ្ទាល់ អំពីផែនការអនាគត និងគម្រោងកំពុងអភិវឌ្ឍន៍បច្ចុប្បន្ននេះ ប៉ុន្តែមានចំណុចមួយចំនួន លោក អ៊ុក វណ្ណដេ បានលើកឡើងមក ដែលហាក់ធ្វើឲ្យមានកង្វល់សម្រាប់វាសនាអនាគតនៃសាលានេះ និងអនាគតក្មេងៗ នៅតំបន់គិរីរម្យនោះផងដែរ។

លោក អ៊ុក វណ្ណដេ បានលើកឡើងថា លោកនឹងមិននៅគ្រប់គ្រងសាលាមួយនេះរហូតនោះទេ ដោយលោកមានគម្រោងចាកចេញពីទីនោះ នៅពេលខាងមុខ តែមិនទាន់កំណត់ពីពេលវេលាច្បាស់លាស់នៅឡើយ និងបច្ចុប្បន្ននេះកំពុងសំឡឹងរកអ្នកដែលអាចប្រគល់ការងារនេះ ដើម្បីអាចគ្រប់គ្រងដឹកនាំធ្វើបន្តពីលោកបាន។

តាមការបញ្ជាក់របស់លោកទាក់ទងនឹងគម្រោងចាកចេញពីសាលាដូង លោកថា គំនិត និងអ្វីៗ នៃគម្រោងមួយនេះ លោកបានរៀបចំ និងបានបង្ហាញឲ្យឃើញជាក់ស្តែងហើយ សម្រាប់អ្នកគ្រប់គ្រងដែលត្រូវធ្វើបន្តពីលោក សង្ឃឹមថា នឹងអាចធ្វើឲ្យគំនិតមួយនេះ កាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីជួយដល់កូនខ្មែរ ចំពោះលោកផ្ទាល់ គឺចង់ដើរទៅកាន់ពិភពលោក និងស្វែងរកអ្វីៗ ដែលថ្មីៗ បន្ថែមទៀត ដែលលើសពីការងារមួយនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្នសាលាដូង សូមប្រកាសដល់សាធារណជនលែងចង់បានជំនួយជាសម្ភារៈសិក្សាហើយ និងមានគម្រោងឈប់ទទួលជំនួយចាប់ពីខែសីហា ឆ្នាំ២០២៣ខាងមុខនេះទៀតផង ប៉ុន្តែបង្វែមកជាស្នើឲ្យសប្បុរសជន រៀងរាល់ថ្ងៃសុក្រ មកធ្វើអាហារអោយក្មេងៗ ដែលរស់នៅតំបន់គិរីរម្យបានទទួលទានអាហារឆ្ងាញ់មាត់ម្ដងផងដែរ។

ក្នុងនោះដែរ លោក អ៊ុក វណ្ណដេ ក៏មានគម្រោងចង់បានរិញប្រដាល់មួយឈុត សម្រាប់ទុកបង្ហាត់ក្មេងៗ នៅទីនោះ បានហាត់កាយសម្បទា ឲ្យមានភាពរឹងមាំ និងបើអ្នកមានទេពកោសល្យលើវិស័យនេះ អាចនឹងមានការលើកទឹកចិត្ត និងជំរុញបន្ថែមទៀត ដើម្បីឲ្យគេក្លាយជាកីឡាករអាជីពតែម្ដង សម្រាប់ថ្ងៃអនាគត។

គួររំឭកថា ក្រុមហ៊ុន Media 365 ក៏តែងតែផ្តល់នៅជំនួយទៅកាន់សាលាដូងនេះផងដែរ ក្នុងគោលបំណងខ្មែរជួយខ្មែរ និងលើកទឹកចិត្តដល់កូនខ្មែរដែលមានគំនិតល្អៗ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងការអប់រំនៅកម្ពុជាយើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និងសម្រាប់ថ្ងៃម្សិលមិញនេះ ដែលជាថ្ងៃទិវាកុមារអន្តរជាតិ ពិភពលោក ក្រុមហ៊ុនដៃគូសហការរបស់យើង គឺគេហទំព័រកម្សាន្ត DIG88.com ក៏បានបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៧១២.៥០ សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងយុទ្ធនាការ ១ម៉ឺនរៀល ដើម្បីជួយដល់កុមារកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង