ក្ដៅៗ! ពេលនេះអគ្គនាយកដ្ឋានគយចេញមកបកស្រាយហើយ ជុំវិញករណីគយចុះចាប់ និងដកហូតទូរស័ព្ទនៅខេត្តត្បូងឃ្មុំ

នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញនូវសេចក្ដីបំភ្លឺស្ដីអំពីការចុះធ្វើអនុលោមភាពនៅទីតាំងរបស់អាជីវកម្មដ្ឋានក្នុងភូមិសាស្ដ្រខេត្តត្បូងឃ្មុំ បន្ទាប់ពីមានការចុះផ្សាយតាមរយៈសារព័ត៌មាន និងនៅតាមប្រពន្ធបណ្ដាញសង្គមផ្សេងៗ អំពីការចុះចាប់ និងដកហូតទូរស័ព្ទគ្មានពន្ធ ដែលនាំចូលពីទីតាំងអាជីកម្មមួយចំនួន ស្ថិតនៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្នុងនោះ អគ្គនាយកដ្ឋានគយ បានបញ្ជាក់ឲ្យថា ការចុះចាប់និងដកហូតទូរស័ព្ទខាងលើនេះគឺ ជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស, មន្ត្រីនៃស្នងការដ្ឋាននគរបាល, និង អាជ្ញាធរមូលដ្ឋានក្រោមកិច្ចសម្របសម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរនិងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋានចំនួន ៥ ទីតាំង និងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះរួមមាន ទូរសព្ទ, ប្រេងម៉ាស៊ីន, និងគ្រឿងអគ្គិសនីមួយចំនួន។

អគ្គនាយកដ្ឋានគយ ក៏បានបន្តទៀតថា អនុលោមតាមមាត្រា ៨ នៃច្បាប់ស្ដីពីគយជាធរមាន, ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ប្រកាសលេខ ៧៣៥ សហវ.គរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មុខទំនិញ ទូរស័ព្ទ ត្រូវបានចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។

ជាក់ស្ដែង នាពេលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថាមាន ទូរស័ព្ទស្មាតហ្វូនថ្មី ចំនួន ៣៥៦ គ្រឿង និងទូរស័ព្ទប្រើរួច ចំនួន ៩៥៥ គ្រឿង ពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។ បច្ចុប្បន្ន ទូរសព្ទទាំងនេះត្រូវបាននាំយកមកថែរក្សាទុកជាបណ្ដោះអាសន្ននៅ ទីតាំងឈរជើង របស់ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។ ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថាជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ចនឹងប្រគល់ជូនម្ចាស់វិញ៕

 

 

អត្ថបទដែលជាប់ទាក់ទង