ដឹងការពិតអ្នកគ្រូបង្រៀននៅបាត់ដំបង ធ្លាប់ជាក្មេងស្រីគ្មានឪពុកម្ដាយនៅក្បែរ តែតស៊ូរហូតសម្រេចបំណងមួយនេះ!
នាពេលកន្លងទៅថ្មីៗនេះ MEDIA 365 DAILY ធ្លាប់បានចុះផ្សាយពីសកម្មភាពអ្នកគ្រូបង្រៀនម្នាក់ កំពុងបង្រៀនកូនសិស្សស្តីពីរបៀបនិយាយស្តីក្នុងការលក់ដូរ ដែលជាអំណិនជីវិតនៃការរស់នៅបច្ចុប្បន្នផ្ទាល់ ដើម្បីបានចេះជួយលក់ដូរដល់ឪពុកម្ដាយរបស់ពួកគេ តាមរយៈបណ្តាញសង្គម ស្ថិតនៅ ភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ខណៈដែលឱកាសនេះជាពេលវេលាប្រមូលផលានុផល មានដំណាំផ្លែឈើ ។ល។ សម្រាប់ជួយដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេក្នុងពេលនេះ។
តាមរយៈសារឆ្លើយឆ្លងតាមប្រព័ន្ធបណ្តាញសង្គមជាមួយលោក ចេង ចំរើន និពន្ធនាយកសារព័ត៌មានឌីថល MEDIA 365 DAILY នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ អ្នកគ្រូស្អាត ឆ្លាត និងនៅលីវនៅឡើយនោះ បានប្រាប់ថា គាត់ឈ្មោះ រិន ថារី អាយុ ២៨ឆ្នាំ បច្ចុប្បន្នកំពុងបង្រៀននៅ សាលាបឋមសិក្សាពីងពង់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និងជាកន្លែងដែលអ្នកគ្រូកំពុងកសាងកេរ្តិ៍ឈ្មោះក្នុងអាជីពជាគ្រូបង្រៀន រយៈពេល ២ឆ្នាំមកនេះផងដែរ។
តាមការបញ្ជាក់បន្ថែមពីអ្នកគ្រូ រិន ថារី បានឲ្យដឹងថា អ្នកគ្រូក៏ជាអ្នកខេត្តបាត់ដំបងនេះដែរ គឺស្ថិតនៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ប៉ុន្តែពេលជាប់ក្របខណ្ឌគ្រូបង្រៀនក៏ត្រូវមកបង្រៀននៅឯសាលាបឋមសិក្សាពីងពង់ ឃុំល្វា និងត្រូវធ្វើដំណើទៅបង្រៀនសិស្សប្រចាំថ្ងៃ ត្រូវប្រើពេលជាង ជិត ១ម៉ោង ទើបទៅដល់សាលាបឋមសិក្សាពីងពង់ ដែលស្ថិតនៅឃុំល្វានោះ។
មុនជាប់ជាគ្រូបង្រៀននៅជិតភូមិកំណើតនេះ អ្នកគ្រូ ថារី ធ្លាប់បានបង្រៀននៅសាលាឯកជនជាច្រើនកន្លែង និងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជំនាញគណនេយ្យករផងដែរ ប៉ុន្តែដោយសារនិស្ស័យស្រលាញ់ចូលចិត្តគ្រូបង្រៀន អ្នកគ្រូ មិនបានយកជំនាញ៤ឆ្នាំនេះមកធ្វើជាអាជីពនោះទេ សុខចិត្តមកធ្វើជាគ្រូបង្រៀននៅទីជនបទ ស្ថិតនៅទីដាច់ស្រយាលនេះវិញ និងជិតកន្លែងកំណើតផងដែរ ហើយទន្ទឹមនិងការងារបង្រៀនសិស្សតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា អ្នកគ្រូតែងតែធ្វើកិច្ចការជាច្រើននៅក្នុងសហគមន៍នោះ និងជាពិសេសយកចំណេះជំនាញបង្រៀនក្មេងៗ ឲ្យចេះរកស៊ី ចេះលក់ដូរ ដើម្បីជួយរកចំណូលផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេបន្ថេមទៀត។
បើតាមការបញ្ជាក់និងរំឭកអំពីប្រវត្តិផ្ទាល់ខ្លួនកាលពីក្មេង ថារី ជាក្មេងស្រីធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសពេលនាងពីតូចទៅរៀនតែម្នាក់ឯង អត់មានឪពុកម្ដាយនៅក្បែរផ្តល់ជាកម្លាំងចិត្តដល់នាងនោះទេ ព្រោះអំឡុងពេលនោះ ម៉ាក់ប៉ារបស់ថារី បានទៅចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ និងបានទុកនាងស្នាក់នៅជាមួយសាច់ញាតិ ដែលពេលនោះធ្វើឲ្យថារី ស្គាល់ថា ជីវិតកុមារីពេលអត់ឪពុកម្ដាយនៅក្បែរ គឺពិតជាកម្សត់ និងឯកាជាពន់ពេក ប៉ុន្តែមិនបានបោះបង់ការរៀនសូត្រចោលនោះទេ ព្រមទាំងប្រឹងប្រែងរៀនសូត្រ រហូតចាប់ចិត្តចង់ធ្វើជាគ្រូបង្រៀនដល់ក្មេងៗថែមទៀត ព្រោះមានមនោសញ្ចេតនានិងក្មេងនៅទីជនបទ ជាពិសេសមានអនុស្សាវរីយខ្លួនឯងធ្លាប់ជួបផ្ទាល់ពីកុមារភាព។
គួររំឮកថា ពេលឆ្លើយឆ្លងជាមួយលោក ចេង ចំរើន ខណៈសួរដល់ប្រវត្តិអតីតកាល អ្នកគ្រូ រិន ថារី ដួលដើមករ ឆ្លើយទាំងក្តុកក្តួលមកថា ថ្វីត្បិតតែសព្វមានលទ្ធភាពធ្វើសកម្មភាពមនុស្សធម៌ ចែកសម្ភារៈសិក្សាជួយដល់ក្មេងៗ កូនសិស្សដែលកំពុងខ្វះខាតពិតមែន តែជីវភាពសព្វថ្ងៃរបស់គាត់ក៏មិនមែនជាអ្នកធូធារអ្វីទេ ជាកូនអ្នកស្រែចម្ការ និងមានជីវភាពធម្មតាៗ តែមិនពិបាកដូចពីក្មេងពេក ប៉ុន្តែពេលឃើញកូនសិស្សមកពីគ្រួសារខ្វះខាត ធ្វើឲ្យអ្នកគ្រូយល់អារម្មណ៍មួយនោះ និងតែងតែលើកទឹកចិត្ត និងជួយតាមលទ្ធភាពប៉ុណ្ណោះ។ សារឆ្លើយឆ្លងលម្អិត ក្រុមការងារនឹងផ្សាយជូនលោកអ្នកស្តាប់ក្នុងពេលឆាប់ៗនេះផងដែរ៕