កម្ពុជា បានសហការជាមួយក្រុមហ៊ុនមហាសេដ្ឋីចិន Alibaba.Com ដើម្បីនាំចេញនូវផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” ដែលមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន Alibaba និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កន្លង។
ចំពោះសិក្ខាសាលានេះដែរ បានរៀបចំឡើងដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះនៅក្នុងបញ្ចកោណទី២ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” និង បញ្ចកោណទី៥ ស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល” និងការដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥”។
ដើម្បីជំរុញការប្រើប្រាស់ថ្នាល Alibaba.com ក៏ដូចជាលើកកម្ពស់កិត្តិនាម និងជំរុញការនាំចេញផលិតផលខ្មែរ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន រួមមាន៖ (១). ត្រូវរៀបចំគោលការណ៍ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្នាល Alibaba.com នេះ ដើម្បីឱ្យវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់ (២). ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជួយសម្របសម្រួលបន្ថែម ដើម្បីឱ្យវិស័យឯកជន និងធុរជនដែលមានផលិតផលសក្តានុពល អាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ និងអាចនាំចេញបានតាមរយៈយន្តការនេះ (៣). បន្តសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួននិងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផលដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន និងអនាគត (៤). បន្តផ្សព្វផ្សាយ បណ្តុះបណ្តាល និងផ្តល់ការប្រឹក្សាផ្នែកបច្ចេកទេស សំដៅកៀរគរ និងជួយសម្របសម្រួលបន្ថែមដល់ការចូលរួមរបស់ធុរជនកម្ពុជានៅក្នុងយន្តការនេះ និង (៥). ក្រសួង-ស្ថាប័ន និងវិស័យឯកជនក្នុងស្រុក និងអន្តរជាតិ បន្តសហការឱ្យបានជិតស្និទ្ធ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា៕