ដូច Greenwood ឫយ៉ាងណា! Antony កំពុងរងការវាយប្រហារពីអតីតមិត្តស្រីខ្លួនពីបទប្រើអំពើហិង្សា

ខ្សែប្រយុទ្ធ Antony Santos របស់ក្លិប Manchester United កំពុងតែមានព័ត៌មានយ៉ាងក្តៅគគុក បន្ទាប់ពីអតីតមិត្តស្រីរបស់គេ គឺកញ្ញា Gabriela Cavallin បានចោទប្រកាន់ថា បានប្រើអំពើហិង្សាលើរូបនាង ដោយ Cavallin ដែល​ជាឌីជេ និងជាអ្នកចម្រៀងរូបនេះ បានអះអាងបន្ថែមថា នាងត្រូវបានរំលោភបំពានលើរាងកាយចំនួនបួនដងដោយកីឡាករសញ្ជាតិប្រេស៊ីល។

នាងបានបន្ថែមទៀតថា រូបនាងមាន​ទំនាក់ទំនង​ជាមួយ​ Antony ​រយៈពេល​ពីរ​ឆ្នាំហើយ​បាន​រស់នៅ​ជាមួយ​គ្នាក្នុង​ទីក្រុង Amsterdam នៅពេល​ដែល​ខ្សែបម្រើ​ស្លាប​រូប​នេះ​លេងឲ្យក្លិប Ajax ដែលការប្រើអំពើហិង្សានេះកើតឡើងលើកដំបូងនៅឆ្នាំ ២០២២ នៅក្លិបរាត្រីមួយក្នុងទីក្រុង Sau Paulo ហើយលើកទីពីរ នៅពេលដែល Antony ក្លាយជាកីឡាកររបស់ក្រុមបិសាចក្រហមដោយការប្រើហិង្សាឈានដល់ថ្នាក់នាងត្រូវចូលមន្ទីពេទ្យ ដែលនាងអះអាងថា មានមិត្តភក្ដិជាសាក្សី។

គួរបញ្ជាក់ថា អ្វីដែលអតីតមិត្តស្រីរបស់ Antony Santos លើកឡើងកំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេត នេះមិនមែនជារឿងទីមួយទេសម្រាប់កីឡាករបាល់ទាត់នៅតំបន់អ៊ឺរ៉ុប ដោយកាលពីពេលកន្លងទៅកីឡាករ Mason Greenwood ក៏បានពាក់ព័ន្ធនិងអំពើហិង្សាលើអតីតមិត្តស្រីខ្លួនផងដែរ៕ ប្រភព៖ ESPN

 

អត្ថបទដែលជាប់ទាក់ទង