តោះមកស្គាល់ខ្សែបម្រើល្អបំផុតទាំង ៥ រូបដែលមានអាយុក្រោម ២៨ ឆ្នាំនាពេលបច្ចុប្បន្ន

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានមើលឃើញថាបាល់ទាត់មានការអភិវឌ្ឍយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់សម្រាប់កីឡាករខ្សែបម្រើវ័យក្មេងក្នុងកម្រិតលំដាប់ពិភពលោកនៃអាជីពរបស់ពួកគេ ហើយភាពរីកចម្រើនរបស់ពួកគេនេះហើយបានទាក់ទាញឲ្យអ្នកគាំទ្រ និងអ្នកវិភាគបាល់ទាត់ មានការស្ងើច សរសើរ សម្រាប់សមត្ថភាពរបស់កីឡាករវ័យក្មេងទាំងនោះ។
តោះ​ទៅ​មើល​ខ្សែ​បម្រើ​ឆ្នើម​៥​រូប​ក្រោម​អាយុ​២៨​ឆ្នាំ៖

#១ Enzo Fernandez
Enzo Fernández គឺជាខ្សែបម្រើវ័យក្មេងដែលមានទេពកោសល្យហើយបានចូលរួមជាមួយ Chelsea ក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករាឆ្នាំ ២០២៣ កន្លងទៅ។ គាត់គឺជាកីឡាករដែលមានសមត្ថភាពអាចលេងបានតួនាទីជាច្រើននៅក្នុងតំបន់បម្រើ ហើយគាត់បានបង្ហាញពីសមត្ថភាពរបស់គាត់ក្នុងការធ្វើឲ្យមានភាពវិជ្ជមាននៅ Stamford Bridge ផងដែរ។

#២ Pedri
ខ្សែបម្រើវ័យក្មេងរបស់ Barcelona កីឡាករ Pedri មានសក្តានុពលក្នុងការបន្តក្លាយជាកីឡាករដ៏អស្ចារ្យសម្រាប់ Barca ខណៈនៅវ័យត្រឹម ២០ ឆ្នាំគាត់គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ហើយទទួលបានបទពិសោធន៍ជាច្រើនក្នុងការលេងនៅកម្រិតខ្ពស់បំផុតក្នុងតំបន់អឺរ៉ុប។ គាត់មានភាពលេចធ្លោក្នុងការលេងបាល់វែង និងអាចប៉ះអោយមិត្តរួមក្រុមបានច្បាស់ៗ ទោះបីជាមានចម្ងាយឆ្ងាយប៉ុណ្ណាក៏ដោយ ហើយគុណភាពបច្ចេកទេសរបស់ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ អាចឲ្យគាត់បង្កើតឱកាសស៊ុតបញ្ចូលទីសម្រាប់មិត្តរួមក្រុមរបស់គាត់យ៉ាងងាយស្រួល។

#៣ Martin Odegaard
Martin Odegaard ធ្វើបានល្អណាស់ក្នុងនាមជាប្រធានក្រុម Arsenal ក្នុងរដូវកាល ២០២២-២៣ នេះ ខណៈដែលក្រុមកាំភ្លើងធំរដូវកាលនេះអាចប្រជែងពាន Premier League និងពានរង្វាន់ផ្សេងៗផងដែរ។ ក្រៅ​ពី​នេះ ខ្សែ​បម្រើ​សញ្ជាតិ​ន័រវេស​ក៏​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គួរ​ឲ្យ​ទុក​ចិត្ត​ផង​ដែរ ដោយក្នុងការបង្ហាញខ្លួនចំនួន ៤៥ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម Arsenal ក្នុងរដូវកាលនេះ កីឡាករវ័យ ២៤ ឆ្នាំខាងលើក៏បានស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ នឹងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៨ ដងផងដែរ។

#៤ Rodri
គ្មានអ្វីជំទាស់ឡើយថា Rodri អាចលេងបានពីរតួនាទីក្នុងតំបន់បម្រើសម្រាប់ Manchester City បើនិយាយអំពីភាពលេចធ្លោនៃទម្រង់លេងដ៏ល្អរបស់គាត់។ Rodri គឺជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងចំណោមខ្សែបម្រើល្អបំផុតក្នុងលោក ហើយតាមពិតទៅគាត់អាចលេងក្នុងតួនាទីជាច្រើននៅតំបន់កណ្តាល ដោយគុណភាពបច្ចេកទេសរបស់គាត់។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៧ ដងក្នុងការបង្ហាញខ្លួន ៥៥ លើកនៅគ្រប់ការប្រកួតទាំងអស់របស់ Manchester City នៅរដូវកាលនេះ។

#៥ Jude Bellingham
Jude Bellingham បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនិងសមត្ថភាពរបស់គាត់នៅវ័យត្រឹម ១៩ ឆ្នាំ។ Bellingham គឺជាខ្សែបម្រើដ៏សម្បូរបែបបំផុតដែលអាចលេង ក្នុងតួនាទីជាច្រើនរួមទាំងខ្សែបម្រើកណ្តាល ខ្សែការពារ និងខ្សែបម្រើប្រយុទ្ធ ទៀតផង ដោយក្នុងរដូវកាលនេះ គាត់គឺជាកីឡាករឆ្នើមរបស់ Borussia Dortmund ហើយក្នុងការបង្ហាញខ្លួនចំនួន ៤២ ដងរបស់គាត់នៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លិបយក្ស Bundesliga មួយនេះ Bellingham បានស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ៧លើក។ ហើយពេលថ្មីៗនេះ លោក Fabrizio Romano បានឲ្យដឹងថា Bellingham បានចុះកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្រុម Real Madrid ផងដែរ។

អត្ថបទដែលជាប់ទាក់ទង