អតីតព្រះថេរល្បីឈ្មោះ សាន សុជា មកដល់កម្ពុជាហើយ និងកំពុងត្រៀមជួបសម្តេចតេជោល្ងាចនេះ
រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ មកពីបណ្តារោងចក្រសហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោបានឲ្យដឹងថា អន្ទិតសាន សុជា បានធ្វើការទាក់ទងសម្តេចតាមទូរស័ព្ទរួចហើយ ដោយបានណាត់ជួបគ្នា នៅគេហដ្ឋានសម្តេចផ្ទាល់ នាល្ងាចថ្ងៃនេះ។
សម្តេចនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា ការសុំជួបនេះ សម្តេចបានឲ្យជម្រើសដល់អន្ទិតសាន សុជា រើសថ្ងៃទី១៣ ខែមិថុនា និងថ្ងៃទី១៤ ខែមិថុនា ដើម្បីជួបគ្នា បន្ទាប់ពីជជែកគ្នាតាមទូរស័ព្ទរួច អន្ទិតសាន សុជា ក៏បានសម្រេចយកថ្ងៃទី១៣ មិថុនានេះ ដើម្បីសុំជួបសម្តែងការគួរសមជាមួយសម្តេចនៅគេហដ្ឋានសម្តេចផ្ទាល់តែម្ដង។
ក្នុងពីធីសំណេះសំណាលជាមួយកម្មករ កម្មការិនីនេះដែរ សម្តេចតេជោក៏បានលើកឡើងថា៖ «ព្រះអង្គ សាន សុជា តែឥឡូវលោកសឹកហើយ អញ្ចឹងហើយ ហៅអន្ទិតបាន គាត់បានសុំជួបខ្ញុំ ឥឡូវគាត់មកដល់សៀមរាបហើយ ប្រហែលពេលនេះគាត់កំពុងធ្វើដំណើរមក ដើម្បីជួបខ្ញុំល្ងាចនេះ»។
គួររម្លឹកផងដែរថា លោកបណ្ឌិត សាន សុជា បានលាចាកសិក្ខាបទនៅឯប្រទេសអូស្ត្រាលី កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ នឹងគ្រោងរស់នៅទីនោះ ជាមួយវិថីថ្មីរបស់លោកបណ្ឌិត តាមរយៈការប្រកបរបរផ្ទាល់ខ្លួនមួយ ដែលជាប់ទាក់នឹងផ្នែកអប់រំ និងធ្វើការចែករំលែកនូវចំណេះដឹងផ្នែកពុទ្ធសាសនាដល់អ្នកគាំទ្រលោកដូចកាលពីនៅជាព្រះថេរដដែល ដោយមិនទាន់មានបំណងទៅបម្រើការឲ្យស្ថាប័នមួយនៅឡើយទេ។ នេះបើយោងតាមបទបទសម្ភាសជាវីដេអូមួយរបស់សារព័ត៌មាន SBS KHMER ដែលទើបចុះផ្សាយនាពេលថ្មីៗផងដែរ។
តើអតិតព្រះថេរនិងជាធម្មកថិកដ៏ល្បីឈ្មោះរូបនេះ ស្នើសុំជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលបំណងអ្វី បើពេលនេះ លោកក៏បានសម្រេចចិត្តរស់នៅក្រៅប្រទេសរួចហើយនោះ?
ជឿជាក់ថាខណៈនេះ ក្រោយពេលលេចឮដំណឹងជួបសម្តេចតេជោ អ្នកគាំទ្រលោកបណ្ឌិតច្បាស់ជា មានចម្ងល់ និងចង់តាមដានភាគបន្តជាមិនខានឡើយ សូមកុំភ្លេចតាមដានជាមួយ Media 365 Daily យើងខ្ញុំនឹងផ្សាយជូនបន្តទៀតផងដែរ៕