ប្រវត្តិខ្លះៗអំពី ក្បាច់គុនល្បុក្កតោ របស់កម្ពុជា

កាលពីថ្ងៃទី២៩ វិច្ឆិកា ២០២២ ក្បាច់គុនល្បុក្កតោខ្មែរត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូក្នុងកិច្ចប្រជុំលើកទី១៧នៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌ដែលបានប្រារព្ធឡើងនៅទីក្រុងរ៉ាបាតប្រទេសម៉ារុក។​

ល្បុក្កតោជាក្បាច់គុនបុរាណត្រូវបានគេដឹងថាមាន ប្រវត្តិដ៏យូរចំណាស់មកហើយនៅក្នុងសង្គមខ្មែរ។ តួយ៉ាង ប្រវត្តិវិទូបានរកឃើញចម្លាក់នៅតាមជញ្ជាំងប្រាសាទ ហើយពាក្យ «ល្បុក្កតោ» ជាការបូកបញ្ចូលនៃពាក្យ «ល្បុក» បូកនិង «តោ» មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ បើតាមវចនានុក្រមរបស់សម្តេចព្រះសង្ឈរាជ ជួន ណាត ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទ អបភ្ជាប់និងកំផួនដៃសម្រាប់រងនិងដំបងវែង ឬបុកបុះការពារខ្លួន។ គុនល្បុក្កតោនេះផងដែរ គឺជាក្បាច់គុនមហាកម្លាំងប្រើប្រាស់នៅក្នុងចម្បាំងប្រឆាំងសត្រូវឈ្លានពាន ដើម្បីការពារប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ រួមទាំងសុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ ទប់ទល់និងសត្វសាហាវ។ល។

​ល្បុក្កតោជាក្បាច់ដែលប្រមូលផ្តុំនូវក្បាច់ និងស្នៀតយ៉ាងច្រើនដែលយកតម្រាប់តាមតថភាពធម្មជាតិនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យនោះ និងកាយវិការរបស់សត្វដូចជា សត្វបក្សី សេះ ខ្លា ដំរី ពានរ កិន្នរ ក្រពើ ក្តាម ពស់ នាគ និងទា។ល។ ទម្រង់នៃគុនល្បុក្កតោបានបង្កប់នៅក្នុងសិល្បៈបុរាណរបស់ខ្មែរដូចជារបាំប្រជាប្រិយ ល្បែងប្រជាប្រិយ និងរបាំបុរាណ ហើយក្បាច់គុននេះដែរតម្រូវឲ្យវាយកៀកនិងគូប្រយុទ្ធដោយប្រើកែងដៃ និងជង្គង់ជាមូលដ្ឋាន ហើយបង្កប់នូវភាពទន់ភ្លន់ ស្លូតបូត រស់រវើក រឹងមាំ រហ័សរហួន និងឥរិយាបថរស់នៅរបស់មនុស្សនៅក្នុងសង្គម។

នៅឆ្នាំ២០០៤ កម្ពុជាបានសម្រេចបង្កើតជាសហព័ន្ធកីឡាគុនល្បុក្កតោ ដើម្បីបំពេញកិច្ចការងារ ក្នុងការថែរក្សាប្រមូលគ្រូគុនល្បុក្កតោ និងរៀបចំចងក្រងឯកសារ និងការប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់របស់គុនល្បុក្កតោតាមសហមន៍នានា។ ដើម្បីជាការរួមចំណែកនៃការបង្ហាញពីកេរ្តិ៍ដំណែល និងគុណតម្លៃជាតិខ្មែរ ដែលបុព្វបុរសយើងបានខិតខំពុះពារ មោះមុត មីជាតិនឹងបន្តចូលរួមគាំទ្រផ្សព្វផ្សាយ និងលើកតម្កើងតម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើង។ ការសម្រេចដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីរបស់យូណេស្កូនេះពិតជាមោទកភាពរបស់ប្រជាជនកម្ពុជាទាំងមូលហើយជាផ្នែកមួយដ៏សំខាន់ក្នុងការលើកស្ទួយវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង