លោក ផែង វណ្ណៈ ធ្លាប់បង្ហាញការគាំទ្រឲ្យលោក សាន សុជា ធ្វើជាមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមួយនេះ តែឥឡូវច្បាស់ហើយ…

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០៣ កន្លងទៅថ្មីៗនេះ និងក្រោយលោកគ្រូបណ្ឌិត សាន សុជា បានលាចាកសិក្ខាបទបាន៣ថ្ងៃ មានអ្នកកាសែតជើងចាស់ម្នាក់ និងធ្លាប់ជាមន្ត្រីរាជការផងដែរ បានបង្ហាញអារម្មណ៍គាំទ្រដល់អតីតព្រះធម្មកថិកដ៏មានប្រជាប្រិយភាព ខាងលើនេះ ធ្វើជាមន្ត្រីជាន់ខ្ពស់ នៃក្រសួងធម្មការ និងសាសនា ដើម្បីដឹកនាំក្រសួងនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត សម្រាប់ព្រះពុទ្ធសាសនា នៅកម្ពុជា។

លោក ផែង វណ្ណៈ ដែលជាអ្នកកាសែត និងជាអ្នកមានសកម្មភាពច្រើនលើបណ្តាញសង្គមធ្លាប់បានបង្ហាញអារម្មណ៍គាំទ្រចំពោះលោក សាន សុជា បែបនេះថា “បងប្អូនគាំទ្រទេ បើមានការតែងតាំង លោក សាន សុជា ជាមន្រ្តីជាន់ខ្ពស់នៅក្រសួងធម្មការ និង សាសនា ដើម្បីជួយផ្នែកសាសនាកាន់តែប្រសើរថែមទៀត? លោកមានបទពិសោធន៍ មានចំណេះដឹង មានសីលធម៌ល្អ មានទំនាក់ទំនងល្អ មានប្រជាពលរដ្ឋគាំទ្រច្រើន”។

នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស និងអនុញ្ញត្តិឲ្យលោក សាន សុជា ចូលជួបសម្តែងគួរសមនៅផ្ទះលោកផ្ទាល់ នៅថ្ងៃនេះ ស្រាប់តែលោក ផែន វណ្ណៈ បានចែកចាយនូវព័ត៌មានដែលជាការលើកឡើងរបស់លោកកាលពីថ្ងៃមុននោះឡើងវិញ និងបានដាក់ជាសំណួរបន្ថែមថា “សុបិន្តរបស់ខ្ញុំជិតក្លាយជាការពិតហើយឬ?

ជុំវិញជំនួបរវាងថ្នាក់ដឹកនាំប្រទេស ជាមួយអតីតធម្មកថិកដ៏មានប្រជាប្រិយភាពរូបនេះ ដែលជាជំនួបលើកទី១ ក្រោយការលាចាកសិក្ខាបទ កាលពីថ្ងៃទី២១ ខែមុន ពិតជាធ្វើឲ្យមានអ្នកចាប់អារម្មណ៍ខ្លាំង ដោយមានអ្នកចង់ដឹងរឿងជាច្រើន នឹងកំពុងមានចិត្តថា អាចនឹងលោក សាន សុជា ចូលជួបសម្តែងការគួរសមនេះ ដើម្បីស្នើរនៅមុខនាទីណាមួយក្នុងជួររាជរដ្ឋាភិបាលផងដែរ។

យ៉ាងណាមិញ សម្រាប់ការសន្និដ្ឋាននេះ មិនទទួលបានជោគជ័យនោះទេ ខណៈនាយឧត្តមសេនីយ៍ ខេង សុមេធ ដែលបានអញ្ជើញចូលរួមក្នុងជំនួបសម្តែងការគួរសមដែរនោះបានអះអាងថា ក្នុងជំនួបនោះ មិនមានការជជែកក្នុងការផ្តល់តួនាទី ឬឋានៈអ្វីមួយដល់លោក សាន សុជា ក្នុងជួររាជរដ្ឋាភិបាលនោះទេ។

ប្រភពខាងលើបានថ្លែងទៅកាន់សារព័ត៌មាន Fresh News នារសៀលនេះថា សម្តេច ហ៊ុន សែន បានបង្ហាញការពេញចិត្ត ចំពោះការផ្សព្វផ្សាយព្រះធម៌អប់រំចិត្ត របស់លោកគ្រូ សាន សុជា ហើយសម្តេចបានលើកទឹកចិត្តឲ្យលោកគ្រូ សាន សុជា បន្តការផ្សព្វផ្សាយព្រះធម៌អប់រំចិត្តនេះបន្តទៅទៀត។

ក្នុងនោះដែរលោកគ្រូ សាន សុជា ក៏បានបញ្ជាក់ប្រាប់ទៅសារព័ត៌មានខាងលើនោះថា ជំនួបសម្តែងការគួរសមនេះ កើតមានភ្លាមៗ នៅពេលដែលលោកអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណសញ្ជាតិកម្ពុជា ពោលមិនមែនជាការគ្រោងទុកអ្វីនោះឡើយ។

អត្ថបទដែលជាប់ទាក់ទង