យ៉ាងមិចចេះ! Messi ថាខ្លួនគ្មានចេតនាក្លាយជាគ្រូបង្វឹកទេ

ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានលើកឡើងអំពីអនាគតថា រូបគេមិនមានចេតនាចង់ក្លាយជាគ្រូបង្វឹកនោះទេ រឿងនេះសូម្បីតែកីឡាករ Cristiano Ronaldo ក៏ធ្លាប់និយាយផងដែរថា ខ្លួនគេផ្ទាល់ប្រហែលជាមិនអាចធ្វើជាគ្រូបង្វឹកបានឡើយនៅពេលខាងមុខ។

យ៉ាងណា Messi បាននិយាយថា៖ “ជាការពិត ខ្ញុំតែងតែនិយាយថា ខ្ញុំមិនចង់ធ្វើជាគ្រូបង្វឹកទេ ពិតណាស់អ្វីៗអាចផ្លាស់ប្តូរនៅពេលអនាគត ប៉ុន្តែខ្ញុំមិនបានផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្ញុំទេ ខ្ញុំចូលចិត្តមើលបាល់ទាត់ ខ្ញុំមើលការប្រកួតជាច្រើនដែលពាក់ព័ន្ធនឹងក្រុមផ្សេងៗគ្នា ខ្ញុំមើលបាល់ទាត់ជាមួយកូនៗរបស់ខ្ញុំ ហើយពួកគេក៏រីករាយជាមួយដែល វាជាវិធីនៃការចំណាយពេលវេលាជាមួយគ្រួសាររបស់ខ្ញុំ” នេះជាសំដីដែលដកស្រង់ចេញពីគេហទំព័រ TT Plus។

គួរបញ្ជាក់ថា ថ្មីៗនេះ Lionel Messi បានសម្រេចចិត្តចាកចេញពីក្លិប Paris Saint-Germain ទៅចូលរួមជាមួយក្លិប Inter Miami ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ កាលពីរដូវកាលមុន ខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំបានបង្ហាញខ្លួនឲ្យក្រុម PSG បានចំនួន ៤២ ប្រកួតនិងស៊ុតបញ្ចូលទីបាន ២១ គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តក្រុមចំនួន ២០ លើកក្រោយចប់កុងត្រា៕ ប្រភព៖ dailysports

អត្ថបទដែលជាប់ទាក់ទង