ប្រវត្តិអំពី ក្បាច់គុនបុរាណខ្មែរ របស់កម្ពុជា
ប្រដាល់សេរី ឬ គុនខ្មែរ គឺជាប្រភេទក្បាច់ចំបាំងរបស់ប្រទេសខ្មែរ ដែលមានតាំងពីបុរាណកាលមក ដែលបានឆ្លាក់ជាភស្តុតាងនៅតាមជញ្ជាំងប្រាង្គសិលា តាមបណ្តាប្រាសាទនានា។ ពាក្យថាប្រដាល់សេរីបូកបញ្ចូលដោយពាក្យ «ប្រដាល់»មានន័យថា ការវាយ ឬប្រយុទ្ធ និងពាក្យ «សេរី»មានន័យថាតាមចិត្ត ហើយប្រដាល់សេរី ឬគុនខ្មែរ កើតឡើងពីប្រភពបួនគឺ ដាល់ ទាត់ កែង និង ជង្គង់ ដោយការបុកក៏ត្រូវបានប្រើសម្រាប់ផ្តួលគូប្រកួតបានដែរ។
ប្រៀបធៀបជាមួយនិងក្បាច់គុនផ្សេងៗ នៅបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍ ដោយប្រដាល់សេរីសង្កត់ធ្ងន់ទៅលើការពូកែគេចនិងជំហរដែលចេះប្រើកលល្បិច តែក្បាច់វាយរបស់ខ្មែរទោទន់ទៅរកការប្រើកែងជាងអ្វីផ្សេងៗ ហើយជ័យជម្នះជាច្រើនបានមកពីកាប្រើ បច្ចេកទេសកែងនេះឯង។ ក្បាច់គុនប្រដាល់សេរីដែលត្រូវបានបង្កើតតាំងពីសតវត្សទី១០ ដែលបានបង្ហាញថាចក្រភពខ្មែរមានកងទ័ពដ៏មានឥទ្ធិពលនៅអាស៊ីអាគ្នេយ៍។ គ្រានោះ ចក្រភពខ្មែរដ៏មានឥទ្ធិពល និងគ្រប់គ្រងលើទឹកដីដ៏ធំ ដែលបច្ចុប្បន្នគឺជាប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម មិនតែប៉ុណ្ណោះវប្បធម៌ខ្មែរ ក៏បានជះឥទ្ធិពលទៅកាន់ប្រទេសជិតខាងរបស់កម្ពុជាយើងផងដែរដូចជា ថៃ និងឡាវ ដែលហេតុផលនេះហើយដែលបញ្ជាក់ឲ្យឃើញថា ក្បាច់គុនប្រដាល់ខ្មែរ គឺមានប្រភពពីជនជាតិខ្មែរ-មន ហើយក្នុងដំណើររឿងដែលគេនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយ របស់បុព្វបុរសពួកគេ សំអាងលើក្បាច់ចម្លាក់ដែលនៅសល់លើប្រាសាទបុរាណរបស់ខ្មែរដូចជា ប្រាសាទបាយ័ន ប្រាសាទអង្គរវត្តជាដើម។
នៅសម័យអាណានិគម ក្បាច់គុនបុរាណដូចប្រដាល់សេរីត្រូវបានពួកអាណានិគមនិយម(អឺរ៉ុប) ហៅថាជាក្បាច់គុនគ្មានអរិយធម៍ តិរច្ឆានសាហាវព្រៃផ្សៃ ហើយជនជាតិបារាំងបានកែប្រែក្បាច់គុននេះឲ្យទៅជាកីឡា ដោយបានបន្ថែមពេលវេលាកំណត់ទឹក (ជុំក្នុងការប្រកួតប្រដាល់) សង្វៀន ព្រមទាំងស្រោមដៃ (ហ្គង់) ក្នុងគោលបំណងកាត់បន្ថយបញ្ហារបួស ក្នុងនោះការប្រកួតពីដើម គេប្រកួតក្នុងរណ្តៅមួយដេឡមាន ភួគនិងមានច្បាប់កំណត់ព្រមទាំងយកខ្សែអំបោះយកមករុំដៃផងដែរ។