មេស្នងការថ្មីខេត្តព្រៃវែងប្តេជ្ញាធ្វើរឿងនេះឲ្យអស់ និងសុខចិត្តទទួលខុសត្រូវបើនៅតែបន្តមានទៀត!

មេស្នងការខេត្តព្រៃវែងថ្មី លោក ឈឿន ប៊ុនឆន បានប្រកាសទាំងព្រឹកនៅលើទំព័រ Facebook របស់ខ្លួន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ថា “ព្រៃវែងនឹងមិនមាននគរបាលចរាចរណ៍ផាកពិន័យគ្មានវិក័យប័ត្រឡើយ បើមានស្នងការទទួលខុសត្រូវ ហើយពួកយើងប្តេជ្ញាថា ឯកសណ្ឋានចរាចរណ៍នៅព្រៃវែងជាឯកសណ្ឋានប្រជាពលរដ្ឋស្រលាញ់”។

គួររំឭកថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាមន្ត្រីនគរបាលវ័យក្មេងមួយរូបដែលទទួលបានការទុកចិត្តជាបន្តបន្ទាប់ពីប្រមុខថ្នាក់ដឹកនាំ តាមរយៈតួនាទីរបស់លោក ខណៈពីដើមឡើយ លោកធ្លាប់មានឈ្មោះល្បី និងទទួលបានប្រជាប្រិយភាពខ្លាំង ដោយបានឆកយកបេះដូងប្រជាពលរដ្ឋនៅស្រុកកោះធំ ពេលលោកបំពេញតួនាទីជា អធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាល។

ឯកឧត្តម ឧត្តមសេនីយទោ ឈឿន ប៊ុនឆន ជាប្អូនប្រុសបង្កើតរបស់លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដែលជាស្នងការនគរបាលខេត្តកណ្តាល ហើយក៏ត្រូវជាកូនប្រុសបង្កើតរបស់លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាមន្ត្រីចាស់ទំនៅក្នុងជួរគណបក្សប្រជាជនកម្ពុជាផងដែរ។

ការឡើងកាន់តំណែងជាស្នងការខេត្តព្រៃវែងរបស់លោក ឈឿន ប៊ុនឆន ត្រូវបានតែងតែថ្មីៗកន្លងទៅនេះប៉ុណ្ណោះ ប៉ុន្តែក្រោយលោកចូលកាន់តែតំណែងមួយរយៈនេះ លោកបានប្រកាសធ្វើសកម្មភាពជាបន្តបន្ទាប់ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងខេត្ត និងបោសសម្អាតបញ្ហាមន្ត្រីខិលខូច ជៀសវាងធ្វើឲ្យប្រជាជនមានការថ្នាំងថ្នាក់ មិនសប្បាយចិត្ត ជាពិសេសរឿងបញ្ហាចរាចរណ៍ ដែលអនុវត្តលើការផាកពិន័យ និងមិនចេញវិក័យបត្រឲ្យជាដើម។ ជុំវិញរឿងនេះសង្ឃឹមថាប្រជាជនខេត្តព្រៃវែង នឹងសាទរផងដែរ បើសិនរឿងនេះអាចអនុវត្តបានល្អតាមការប្តេជ្ញារបស់មេស្នងការខេត្តរូបនេះពិតមែន៕

អត្ថបទដែលជាប់ទាក់ទង