រដ្ឋមន្ត្រីក្រសួងព័ត៌មានសម្តែងអារម្មណ៍បែបនេះ ក្រោយមានការបង្ក្រាបស្ត្រីរកស៊ីផ្លូវភេទនៅផ្លូវវេងស្រេង
បន្ទាប់ពីកម្លាំងអជ្ញាធរមានសមត្ថកិច្ចចុះបង្ក្រាបស្ត្រីរកស៊ីផ្លូវភេទ នៅបណ្តោយផ្លូវវេងស្រេង កាលពីថ្ងៃយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារិទ្ធ បានសម្តែងការមិនពេញចិត្តទាល់តែសោះ ដោយបានលើកឡើងថា៖
“ឃើញរាជរដ្ឋាភិបាលចេញគោលការណ៍ជួយទ្រទ្រង់អ្នកបម្រើសេវាកំសាន្តនានាក៍មានចិត្តរីករាយព្រោះអ្នកទាំងនោះក៏ជាកោសិកាមួយក្នុងសង្គមកម្ពុជាយើងដែរ ស្រាប់តែឃើញអង្គភាពមួយបញ្ចេញសាច់ដុំចុះចាប់អ្នកបម្រើសេវាកំសាន្តឯករាជ្យ ( អ្នកបក់ដៃតាមផ្លូវ )”។
នៅក្នុងសំណេរជាមួយគ្នាលើ Facebook របស់ឯកឧត្តមរដ្ឋមន្ត្រីកាលពីព្រឹកមិញនេះ បានបន្ថែមថា ការបញ្ចេញសាច់ដុំចុះចាប់អ្នកបម្រើសេវាកំសាន្តឯករាជ្យខាងលើនេះ បានហៅកាសែតអត់វិជ្ជាជីវៈមួយចំនួនទៅជួយថតបង្ហោះថែមទៀត និងចោទជាសំណួរទៅលើការបង្ក្រាបចាប់យកស្ត្រីទាំងនោះ អំពីផលប៉ះពាល់ និងការអនុវត្តច្បាប់ ក្នុងន័យដើម្បីបម្រើប្រយោជន៍ដល់សង្គមផងដែរ ដោយលើកឡើងបែបនេះ៖
“មិនដឹងថាបម្រើសេវាទាល់តែមានការចាត់តាំង ឬ មានមេមានកើយបានរដ្ឋជួយ ហើយអ្នកក្បាលមួយត្រូវមានទោស ឬ មួយគាត់បារម្ភថាខ្លាចគណបក្សប្រជាជនឈ្នះឆ្នោតច្រើនពេក បរទេសគេរិះគន់?”
សូមបញ្ជាក់ថា ជុំវិញការអនុវត្តច្បាប់ និងការបង្ក្រាបស្ត្រីរកស៊ីផ្លូវភេទនៅបណ្តោយផ្លូវវេងស្រេងនេះដែរ គឺមានមតិមហាជនជាច្រើនបានបញ្ចេញយោបល់ព្រមៗគ្នា និងក្នុងន័យចង់ឲ្យសង្គមខ្មែរបង្កើតច្បាប់ ដើម្បីផ្តល់ឲ្យស្ត្រីបម្រើសេវាកម្សាន្តទាំងនោះ ទទួលបានសិទ្ធិស្របច្បាប់ ដូចជា ប្រទេសជិតខាងផងដែរ ដោយពួកគេមើលឃើញថា វាអាចជាផ្នែកមួយជួយកាត់បន្ថយនៅការចាប់រំលោភ ឬអំពើអនាចារលើស្ត្រី និងកុមារផងដែរ៕