សង្សារចាស់របស់ Ronaldo ការពារ Georgina Rodriguez ដែលជាសង្សារថ្មីក្រោយនាងជួបប្រទះរឿងនេះ
អតីតមិត្តស្រីរបស់ Cristiano Ronaldo នាង Merche Romero បានការពារសង្សារបច្ចុប្បន្នរបស់ Ronaldo គឺ Georgina Rodriguez បន្ទាប់ពីនាងត្រូវបានវាយប្រហារនៅលើ TikTok ដោយអតីតមិត្តរួមការងាររបស់នាងគឺ Pablo Bone កាលពីខែមេសាកន្លងទៅ ខណៈដែល Georgina Rodriguez ធ្លាប់ធ្វើការជាអ្នកលក់នៅក្នុងហាង Gucci ក្នុងទីក្រុង Madrid កាលពីឆ្នាំ ២០១៦ ជាមួយ Pablo Bone ហើយនេះជាកន្លែងដែលនាងបានជួប Cristiano Ronaldo ដែលនាំទៅដល់ការចាប់ផ្តើមនៃទំនាក់ទំនងស្នេហារយៈពេលប្រាំពីរឆ្នាំរបស់ពួកគេ។
ក្នុងភាពយន្តឯកសារទី ២ ក្នុង Netflix របស់នាងដែលមានឈ្មោះថា ‘Soy Georgina’ ដែលមានន័យជាភាសារខ្មែរថា ‘ខ្ញុំគឺ Georgina’បានចាក់បញ្ចាំងនៅដើមឆ្នាំនេះ ហើយវាបានបង្ហាញពី ភាពសុភាពរាបសារ និងជីវិតប្រចាំថ្ងៃក្នុងគ្រួសាររបស់នាង រួមទាំង Cristiano Ronaldo ផងដែរ ខណៈដែល Pablo Bone មិនពេញចិត្តនឹងការបង្ហាញខ្លួនរបស់នាងឡើយ ហើយបានវាយប្រហារតារាម៉ូដែលអេស្ប៉ាញរូបនេះនៅលើ TikTok ទៀតផង។ គាត់បាននិយាយថានាង ជាមនុស្សក្រអឺតក្រទម និងស្រឡាញ់ភាពហឺហារ ។ Georgina Rodriguez មិនបានយកចិត្តទុកដាក់នឹងពាក្យរបស់ Pablo Bone ទេ តែយោងតាមសារព័ត៌មាន El Economista ថ្មីៗនេះបានឲ្យដឹងថា នាងបានដាក់ពាក្យប្តឹង Pablo Bone រួចរាល់ហើយពីបទបរិហារកេរ្តិ៍។