ពានរង្វាន់ Ballon d’Or បង្កើតឡើង ៦៧ ឆ្នាំ ហើយមាន អ្នកចាំទីឈ្នះតែម្ដងគត់
Ballon d’Or គឺជាពានរង្វាន់ដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពបាល់ទាត់ ដែលផ្ដល់ឲ្យកីឡាករឆ្នើមប្រចាំឆ្នាំ ហើយវាត្រូវបានរៀបចំឡើងដោយទស្សនាវដ្ដីបារាំង France Football ក្នុងនោះពានរង្វាន់បុគ្គលខាងលើបានបង្កើតឡើងលើកដំបូងក្នុងឆ្នាំ១៩៥៦ ហើយគិតមកទល់ពេលនេះមានអាយុកាល ៦៧ឆ្នាំហើយ ខណៈដែល Cristiano Ronaldo និង Lionel Messi គឺជាកីឡាករតែ២នាក់គត់ដែលធ្លាប់ឈ្នះច្រើនជាងគេ ពោលគឺម្នាក់ ៥ ដងនិងម្នាក់ទៀត ៧ ដង តាមពីក្រោយដោយវីរបុរស Michel Platini, Johan Cruyff និង Marco Van Basten ដែលធ្លាប់ឈ្នះម្នាក់៣ដង។
យ៉ាងណាតាមការសង្កេតបានឲ្យឃើញថា Ballon d’Or មានកីឡាករឈ្នះភាគច្រើនសុទ្ធតែជាខ្សែប្រយុទ្ធ និងខ្សែរបម្រើ ខណៈខ្សែការពារមានតិចមែនទែន រីឯអ្នកចាំទី ទៀតសោតគឺមានតែម្នាក់ប៉ុណ្ណោះដែលធ្លាប់ឈ្នះវា ជាក់ស្តែងអ្នកចាំទី Lev Yashin របស់សហភាពសូវៀតគឺជាអ្នកចាំទីតែម្នាក់គត់ ដែលធ្លាប់ឈ្នះពាននេះកាលពីឆ្នាំ១៩៦៣។ កន្លងមកមានការរិះគន់ថាពានរង្វាន់ Ballon d’Or បង្កើតមកសម្រាប់ផ្ដល់ឲ្យតែខ្សែបម្រើ និងខ្សែប្រយុទ្ធប៉ុណ្ណោះត្បិតតួនាទីលេង២នេះមានឱកាសរកគ្រាប់បាល់ច្រើន រីឯខ្សែការពារ និងអ្នកចាំទីវិញមិនសូវមានគេចាប់អារម្មណ៍ និងអ្នកនឹកនាដល់នោះឡើយ។
គួររំឮកថា កាលពីឆ្នាំ២០១៤ Manuel Neuer ដែលជាតួអង្គសំខាន់មួយរូបជួយឲ្យ អាល្លឺម៉ង់ឈ្នះ World Cup នៅប្រេស៊ីលនោះត្រូវបានគេរំពឹងថានិងក្លាយជាអ្នកចាំទីដំបូងក្នុងរយៈពេល ៥១ឆ្នាំដែលឈ្នះ Ballon d’Or ប៉ុន្តែលទ្ធផលជាក់ស្ដែង Ronaldo ទៅវិញទេដែលក្លាយជាម្ចាស់ពាន ខណៈ Neuer បានត្រឹមលេខ៣។ លុះមកដល់ឆ្នាំ២០១៩ ក៏មានការចាប់អារម្មណ៍លើអ្នកចាំទីជាបេក្ខភាពឈ្នះ Ballon d’Or សារជាថ្មីគឺ Alisson Becker ដែលឈ្នះស្រោមដៃមាស៣ក្នុងកម្មវិធី Premier League, Champions League និង Copa America ដោយ Alisson រក្សាសំណាញ់ទី ឬ Clean sheet ២១ប្រកួតក្នុងចំណោម៣៨ប្រកួតនៅលីគអង់គ្លេស ហើយនៅ Copa តាំងពីវគ្គចែកពូលដល់ផ្ដាច់ព្រ័ត្រ រូបគេរបូតតែ១គ្រាប់គត់ដែលជាការទាត់បាល់ប៉េណាល់ទីរបស់ប៉េរូ ប៉ុន្តែចុងក្រោយ Alisson នៅតែមិនអាចឈ្នះពានបុគ្គលនេះបាននោះទេ ដោយកាលនោះ Ballon d’or បានទៅលើ Lionel Messi ។