Cristiano Ronaldo ទទួលបានពានរង្វាន់ Guinness ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្រុមជម្រើសជាតិ

កីឡាករ Cristiano Ronaldo បានទទួលកំណត់ត្រាពិភពលោក Guinness បន្ទាប់ពីបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិចំនួន ២០០ ប្រកួតឲ្យព័រទុយហ្គាល់ ហើយរូបគេបានបំបែកឯតទគ្គកម្មមួយផ្សេងទៀតជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតឲ្យជម្រើសជាតិ។

វា​ជា​កំណត់ត្រា​មួយ​ក្នុងចំណោមស្នាដៃជាច្រើនទៀតរបស់ Ronaldo ដែលលេងឲ្យក្រុមជម្រើសជាតិ ដែលខ្សែប្រយុទ្ធរបស់ក្រុម Al Nassr គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេមានចំនួនរហូតទៅដល់ ១២២ គ្រាប់គិតមកទល់បច្ចុប្បន្ន យ៉ាងណាកីឡាករវ័យ ៣៨ ឆ្នាំរូបនេះបាននិយាយនៅសប្តាហ៍នេះអំពីអនាគតរបស់គេជាមួយ ក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលបាននិយាយថា៖ “ខ្ញុំនឹងនៅទីនេះរហូតដល់ ប្រធាន សហព័ន្ធបាល់ទាត់ និងគ្រូបង្វឹកជឿថាខ្ញុំអាចធ្វើបាន ខ្ញុំនឹងមិនបោះបង់ការមកទីនេះទេ ព្រោះវាតែងតែសុបិន តំណាងឲ្យក្រុមជម្រើសជាតិ ខ្ញុំ​ចង់​បន្ត​លេង ធ្វើ​ឲ្យ​គ្រួសារ មិត្តភ័ក្តិ និង​ជនជាតិ​ព័រទុយហ្គាល់​រីករាយ”។

គួរបញ្ជាក់ថា Cristiano Ronaldo បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិក្នុងឆ្នាំ ២០០៣ នៅអាយុ ១៨ ឆ្នាំ ហើយធ្លាប់បានឈ្នះជើងឯកអឺរ៉ុបឆ្នាំ ២០១៦ ជាមួយក្រុមជម្រើសជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង