ដំណឹងល្អ! អត្តសញ្ញាណប័ណ្ណផុតសុពលភាពត្រឹម ២០២២ ឬ ២០២៣ អាចប្រើជាឯកសារបោះឆ្នោតអាណត្តិនេះបាន

រាជធានីភ្នំពេញ៖ យោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលលេខ ១៣២ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះបានឲ្យដឹងថា សម្រាប់អត្តសញ្ញាណប័ណ្ណគំរូថ្មី ដែលបានផុតសុពលភាពក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ អាចប្រើប្រាស់ជាឯកសារសម្រាប់បម្រើការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់អាណត្តិទី៧ ខាងមុខនេះបាន។

នៅក្នុងអនុក្រឹត្យខាងលើនេះបានបញ្ជាក់ត្រង់មាត្រា ២ និង មាត្រា ៣ ឲ្យដឹងដែរថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬគំរូថ្មី ដែលបានអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ និង ត្រូវបានបន្តសុពលភាព រហូតដល់ត្រឹមថ្ងៃប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងនីតិកាលទី៧ នេះតែប៉ុណ្ណោះ។

គួររំឭកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយរាជរដ្ឋាភិបាលបានផ្តល់ថ្ងៃឈប់សម្រាកដល់កម្មករ និយោជិត បុគ្គលិក មន្ត្រីរាជការ ចំនួន ៣ ថ្ងៃ គឺនៅថ្ងៃទី២២-២៣-២៤ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងបានចេញទៅបោះឆ្នោតគ្រប់ៗគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង