សូមប្រយ័ត្នផងអ្នកទិញបុរី! គម្រោងអភិវឌ្ឍលំនៅឋាន៤នេះ ពុំមានអាជ្ញាបណ្ណប្រកបអាជីវកម្មនោះទេ

រាជធានីភ្នំពេញ៖ គម្រោងអភិវឌ្ឍលំនៅឋាន (បុរី) ចំនួន ៤ ត្រូវបាននិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ រកឃើញ និងជូនដំណឹងដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ព្រោះគម្រោងទាំងនោះកំពុងធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប ឡើយ។

នៅក្នុងសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំខាងលើ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ជាក់ថា គម្រោងដែលកំពុងអភិវឌ្ឍអាជីវកម្មលំនៅឋាន ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប ទាំង ៤ នោះ រួមមាន៖ ១-បុរី ធីវី ស្តា ស្ថិតនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ២-បុរី ទ្រី គីម គួរស្រូវ ស្ថិតនៅសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៣-សំណង់ផ្ទះល្វែង អិលវី ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង ៤-បុរី The Royal Garden ស្ថិតនៅសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពខាងលើបានបញ្ជាក់ថា សូមសាធារណជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នក្នុងការទិញ ឬជួល ឬចូលរួមធ្វើអាជីវកម្ម ពាក់ព័ន្ធជាមួយគម្រោងអភិវឌ្ឍលំនៅឋានគ្មានអាជ្ញាបណ្ណខាងលើ ដែលអាចធ្វើឲ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុផងដែរ។

សូមបញ្ជាក់ថា ស្ថាប័ន និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជាស្ថាប័នរបស់រដ្ឋ មានតួនាទីសម្រាប់ឲ្យម្ចាស់អាជីវកម្មគ្រប់រូប ស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម ក្នុងគោលដៅ ចូលរួមចំណែកដល់ការបង្កើតអាជីវកម្ម លើកកម្ពស់បរិយាកាសធុរកិច្ច និងការបង្កើនការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា និងថ្មីៗនេះ ម្ចាស់អាជីវកម្មក៏អាចធ្វើការស្នើអាជ្ញាបណ្ណតាមរយៈអនឡាញបានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង