ប្រធានក្រុមជម្រើសជាតិអាយស្លែនបានបង្ហាញការខកចិត្តនៅពេលត្រូវបានគេសួរនាំអំពីការដោះដូរអាវជាមួយ Cristiano Ronaldo
ប្រធានក្រុមជម្រើសជាតិអាយសែ្លន Aron Einar Gunnarsson បាននិយាយរឿងខកចិត្តមួយអំពីការដោះដូរអាវជាមួយ Cristiano Ronaldo មុនពេលដែលក្រុមជម្រើសជាតិពួកគេប្រកួតចាញ់ក្រុមជម្រើសជាតិព័រទុយហ្គាល់ 1-0 ក្នុងវគ្គជម្រុះ UEFA European Qualifiers កាលពីយប់ថ្ងៃអង្គារ៍កន្លងទៅនេះ។
ជាការពិតណាស់ Ronaldo បានបង្ហាញខ្លួនជាលក្ខណៈអន្តរជាតិ លើកទី 200 របស់គាត់កាលពីយប់ថ្ងៃទី20មិថុនា កន្លងទៅ ដោយក្លាយជាកីឡាករបាល់ទាត់បុរសដំបូងដែលបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបានច្រើនជាងគេ ជាមួយចំនួនគ្រាប់បាល់ 123 គ្រាប់សម្រាប់ប្រទេសរបស់គាត់ដែលធ្វើឲ្យគាត់ក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលនៅក្នុងបាល់ទាត់អន្តរជាតិគិតមកទល់ពេលបច្ចុប្បន្ន និងបានជាប់កំណត់ត្រា Guinness World Records ថែមទៀតផង។
បកត្រឡប់ទៅកាន់អតីតកាលបន្តិច ការប្រកួតលើកចុងក្រោយដែលព័រទុយហ្គាល់ជួបជាមួយអាយស្លែនគឺក្នុងអំឡុង Euro 2016 នៅពេលនោះ ភាគីទាំងពីរបានបញ្ជប់លទ្ធផលស្មើគ្នា 1-1 ។ យ៉ាងណាមិញភ្លាមៗក្រោយចប់ការប្រកួត ប្រធានក្រុមជម្រើសជាតិអាយស្លែន Aron Gunnarsson បានទៅជិត Ronaldo ដើម្បីដោះដូរអាវ ប៉ុន្តែត្រូវបានគេបដិសេធនិងច្រានចេញ។
ទន្ទឹមគ្នានេះដែរ អំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួត ដែលទើបតែបញ្ចប់ទៅនាពេលថ្មីៗនេះ Gunnarsson ត្រូវបានគេសួរថា: តើគាត់មានគម្រោងនឹងព្យាយាមដូរអាវជាមួយ CR7 ម្តងទៀតឬអត់? ប្រធានក្រុមជម្រើសជាតិ អាយស្លែន រូបនេះបានឆ្លើយយ៉ាងដូច្នេះ៖
ខ្ញុំគិតថាខ្ញុំនឹងមិនធ្វើវាម្តងទៀតទេ នេះជាការបង្ហាញខ្លួនជាអន្តរជាតិលើកទី 200 របស់គាត់ ដូច្នេះគាត់ប្រហែលជាចង់រក្សាអាវរបស់គាត់ដូច្នេះខ្ញុំគិតថាខ្ញុំគួរតែប្តូរគំនិតដែលចង់ដូរអាវនេះចេញទៅ ៕