ព្រឹកនេះ រដ្ឋសភាអនុម័តសំណើវិសោធនកម្មច្បាប់បោះឆ្នោតដោយគ្មានការកែប្រែនោះទេ

ភ្នំពេញ៖ អង្គរដ្ឋសភាចំនួន១១១រូប បានផ្តល់ការអនុម័តជាឯកច្ឆន្ទលើសំណើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត តាមការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការតម្រង់ផ្លូវច្បាប់ក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមិនមានការកែប្រែអ្វីបន្ថែមនោះទេ។

ការសម្រេចនេះ ធ្វើឡើងតាមរយៈឆ្លងកិច្ចប្រជុំពេញអង្គរដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ និងមានសមាជិក សមាជិការដ្ឋសភា បានសម្តែងការយល់ឃើញថា វិសោធនកម្មច្បាប់បោះឆ្នោត ជាការពង្រឹងសង្គមប្រជាធិបតេយ្យ ខណៈបានចែងពីបុគ្គលដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវតែបានចូលរួមបោះឆ្នោតក្នុងព្រឹត្តិការណ៍បោះឆ្នោតនានា នៅមុនអាណត្តិដែលខ្លួនឈរឈ្មោះឱ្យគេបោះឆ្នោត។

ច្បាប់ស្តីពីការបោះឆ្នោត ត្រូវបានប្រមុខរាជរដ្ឋាភិបាល ស្នើវិសោធនកម្ម ដោយតម្រូវឱ្យអ្នកមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ហើយក្នុងន័យនេះ អ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខណៈក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត។

វិសោធនកម្មច្បាប់នេះដែរ ក៏បានកំណត់ថា បុគ្គលណាដែលបានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាពប៉ះពាល់ ឬធ្វើឱ្យខូចខាតដល់កិច្ចដំណើរការនៃការបោះឆ្នោត ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវប្រឈមនឹងការដកហូតជា បណ្តោះអាសន្ននូវ “សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត” ឬការហាមឃាត់មិនឱ្យចូលរួមនៅក្នុងការបោះឆ្នោតផងដែរ។

វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា២៣ថ្មី បានចែងថា ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជា តំណាងរាស្ត្រ ត្រូវបំពេញលក្ខខណ្ឌដោយមាន សញ្ជាតិខ្មែរពីកំណើត មានអាយុ ២៥ (ម្ភៃប្រាំ) ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអនុវត្តសិទ្ធិបោះឆ្នោត ដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួនពីរលើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើង គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប មានលំនៅឋាន ឬទីសំណាក់ក្នុងព្រះរា ជាណាចក្រកម្ពុជា និងមានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។

គួររំឭកថា សម្រាប់អត្តសញ្ញាណប័ណ្ណគំរូថ្មី ដែលបានផុតសុពលភាពក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ អាចប្រើប្រាស់ជាឯកសារសម្រាប់បម្រើការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់អាណត្តិទី៧ ខាងមុខនេះបានផងដែរ៕


ប្រភព៖ វិទ្យុជាតិកម្ពុជា

អត្ថបទដែលជាប់ទាក់ទង