Neymar គាំទ្រលោក Carlo Ancelotti ជាគ្រូបង្វឹកថ្មីរបស់ប្រទេសប្រេស៊ីល
សារព័ត៌មានមួយបានចុះផ្សាយថាកីឡាករ Neymar បានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំងនៅពេលដែលលោក Carlo Ancelotti បានក្លាយបេក្ខភាពជួរមុខសម្រាប់សហព័ន្ធបាល់ទាត់ ប្រេសុីល ក្នុងការជ្រើសរើសលោកជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិ ។
កីឡាករ Neymar បានផ្តល់បទសម្ភាសន៍មួយជាសារព័ត៌មាន Sport News ថាក្រុមជម្រើសជាតិ ប្រេស៊ីល ពិតជាសំណាងណាស់ដែលមានឱកាសទទួលបានការដឹកនាំដោយលោកគ្រូបង្វឹកបរទេសដ៏ចំណានម្នាក់ខ្ញុំពិតជាគាំទ្រពេញទំហឹងចំពោះរឿងមួយនេះ លោក Ancelotti បានឈ្នះពានធំៗសឹងតែទាំងអស់នៅក្នុងអាជីពជាគ្រូបង្វឹករបស់លោក ហើយ Neymar ជឿជាក់ថា បើសិនជាគាត់ក្លាយជាគ្រូបង្វឹករបស់ ប្រេស៊ីល ពិតមែននោះ លោក Ancelotti នឹងបង្ហាត់បង្ហាញនូវរឿងបច្ចេកទេសជាច្រើនសម្រាប់ក្រុមសាំប៉ា ប្រេសុីល ។
ក្រៅពីប្រភពខាងលើក៏មានរបាយការណ៍ជាច្រើនទៀតបានចុះផ្សាយទាក់ទងទៅនឹងរឿងនេះដូចគ្នា ដោយពួកគេបានលើកឡើងថាលោក Ancelotti ត្រៀមដឹកនាំជម្រើសជាតិ ប្រេស៊ីល នៅពេលចប់កុងត្រាជាមួយ Real Madrid នៅឆ្នាំក្រោយ។
គួរបញ្ជាក់ផងដែរថាក្លិប Real Madrid បានត្រៀមរកអ្នកជំនួស Ancelotti ក្នុងការដឹកនាំក្លិបក្នុងនាមជាគ្រូបង្វឹកបន្ទាប់ពីលោកផុតកុងត្រានៅឆ្នាំក្រោយ ចំណែកឯលោក Xabi Alonso ជាអតីតខ្សែបម្រើរបស់ក្លិបមួយនេះបានក្លាយជាបេក្ខជននាំមុខគេដែលមកជំនួសកន្លែងរបស់លោក Ancelotti ដោយបច្ចុប្បន្ននេះរូបគេកំពុងដឹកនាំក្លិប Bayer Leverkusen របស់ប្រទេស អាល្លឺម៉ង់ ៕