មានអញ្ចឹងដែរ..! ម៉ាឡេស៊ីមានរឿងអ្វី ទើបមកខកចិត្តស្អិតទ្រូងនិងកម្ពុជាក្នុងការធ្វើរឿងនេះទៅវិញ?
ស៊ីហ្គេម៖ លោក Megat D Shahriman Zaharudin ក្រុមប្រឹក្សាប៉ាឡាំពិកម៉ាឡេស៊ី (PCM) មានការអន់ចិត្តជាខ្លាំង នៅពេលកម្ពុជាមិនលក់អាជ្ញាប័ណ្ណទូរទស្សន៍សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅប៉ុន្មានថ្ងៃទៀតនេះ។
ប្រទេសចំនួន ១១ នៅអាស៊ីអាគ្នេយ៍ បានយល់ព្រមលុបចោលការមិនគិតថ្លៃ និងងាកទៅរកការធ្វើពាណិជ្ជកម្មលើអាជ្ញាប័ណ្ណស៊ីហ្គេមចាប់ពីលើកទី 32 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតទៅ ហើយក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ចាត់ទុកថា នេះគឺជារឿងសំខាន់ ដើម្បីកាត់បន្ថយការចំណាយរបស់ម្ចាស់ផ្ទះ និងបង្កើនប្រាក់ចំណូល ក៏ដូចជាអភិវឌ្ឍពាណិជ្ជកម្ម។
យ៉ាងណាមិញនៅថ្ងៃទី ៣១ ខែមីនា ២០២៣កន្លងទៅនេះ គណៈកម្មាធិការស៊ីហ្គេមលើកទី ៣២ របស់កម្ពុជា (CAMSOC) បានប្រកាសមិនគិតថ្លៃលើអាជ្ញាប័ណ្ណស្ដីពីការផ្សាយលើកញ្ចក់ទូរទស្សន៍សម្រាប់ស៊ីហ្គេម និងប៉ារ៉ាហ្គេមនោះទេ។
រឿងនេះ ធ្វើអោយប្រធាន PCM គឹលោក Megat D Shahriman Zaharudin បានថ្លែងប្រាប់ទៅកាន់សារព័ត៌មាន New Straits Times ថា «ជាការសម្រេចចិត្តដ៏អាក្រក់ ស៊ីហ្គេមគួរតែត្រូវបានធ្វើពាណិជ្ជកម្មជាជាងការត្រលប់ទៅកាន់ចំណុចចាប់ផ្ដើមវិញ»
មូលហេតុត្រង់ថា មុនពេលមានការសម្រេចចិត្តមិនគិតថ្លៃលើអាជ្ញាប័ណ្ណទូរទស្សន៍ពីកម្ពុជា PCM គឺជាស្ថាប័នដែលកាន់កាប់អាជ្ញាប័ណ្ណស៊ីហ្គេមលើកទី 32 ដែលជួយឱ្យម៉ាឡេស៊ីក្លាយជាមួយ ក្នុងបំណោមប្រទេសបីផ្សេងទៀត បានទិញអាជ្ញាប័ណ្ណ គឺមាន ឥណ្ឌូណេស៊ី សិង្ហបុរី វៀតណាម និងម៉ាឡេស៊ី។ PCM បានព្រមព្រៀងជាមួយនិងទូរទស្សន៍ បួនស្ថានីយ ក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធើណិតចំនួនបី និងក្រុមហ៊ុនទូរគមនាគមន៍ចំនួនបួនទៀត ទាក់ទងនឹងការលក់អាជ្ញាប័ណ្ណស៊ីហ្គេមបន្ត ប៉ុន្តែពេលនេះគ្រប់យ៉ាងត្រូវខកខានទៅវិញ។
យើងពិតជាមានការអន់ចិត្ត និងអស់សង្ឃឹមខ្លាំងណាស់ និង គម្រោងដំបូង គឺការប្រើប្រាស់ខ្ទង់ប្រាក់ដែលប្រមូលបានពីការលក់អាជ្ញាប័ណ្ណបន្ត ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសកម្មភាព» » លោក Shahriman Zaharudin និយាយដូច្នេះ ទៅកាន់សារព័ត៌មានដដែលនេះ។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជា បានធ្វើឱ្យក្ដីសង្ឃឹមក្នុងការលក់អាជ្ញាប័ណ្ណបន្តរបស់ម៉ាឡេស៊ី ត្រូវរង់ចាំដល់ស៊ីហ្គេមលើកទី ៣៣ ដែលនឹងធ្វើនៅប្រទេសថៃឆ្នាំក្រោយ។ ម្យ៉ាងវិញទៀតសម្រាប់កម្ពុជាមិនត្រឹមតែមិនគិតថ្លៃអាជ្ញាប័ណ្ណទូរទស្សន៍នោះទេ តែក៏មិនគិតថ្លៃសំបុត្រចូលទស្សនាការប្រកួតនៅស៊ីហ្គេម ព្រមទាំងមិនគិតថ្លៃហូបចុក ស្នាក់នៅ និងការធ្វើដំណើររបស់ប្រតិភូកីឡានៃបណ្ដាប្រទេសចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 ទៀតផង៕