រដ្ឋាភិបាលគ្រោង​បញ្ចេញរថយន្ត​ក្រុង​ជិត ៤០០ គ្រឿង​​ សម្រាប់ដឹកជញ្ជូនប្រជា​ពលរដ្ឋទៅបោះឆ្នោត​

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បញ្ចេញរថយន្ត​ក្រុង​ប្រមា​ណ ​​៣០០ ទៅ ៣៥០ គ្រឿង​ ដើម្បីដឹកពលរដ្ឋពីភ្នំពេញ ទៅ​បោះ​ឆ្នោត​​តាមបណ្តាខេត្ត និង​ដឹក​​​ត្រ​លប់​មក​ភ្នំពេញវិញ។ នេះបើយោងតាមសារសម្លេងរបស់សម្ដេច​តេជោ​ហ៊ុន សែន នៅរសៀលថ្ងៃទី​១១ ខែកក្កដា ២០២៣ នេះ។

សម្ដេចតេជោ​មានប្រសាសន៍ថា​ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យកម្មករ កម្មការិនី បានឈប់សម្រាក​ចំនួន ៣ថ្ងៃ​ ដើម្បី​​​​​​ទៅ​ចូលរួមបោះ​ឆ្នោត និងដើម្បីសម្រួលដល់ការធ្វើដំណើរ រាជរដ្ឋាភិបាល​ក៏បានសម្រេច​ឲ្យ​រដ្ឋបាល​សាលា​រាជ​ធានី​ភ្នំ​ពេញ បញ្ចេ​ញរថយន្ត​ក្រុង​ប្រមាណពី ​៣០០ ទៅ ៣៥០គ្រឿង ដើម្បី​ត្រៀម​ដឹក​កម្មករ កម្មការិនី ប្រជាពលរដ្ឋដែលត្រូវទៅ​បោះឆ្នោតតាម​បណ្ដា​ខេត្ត​ នឹង​ដឹក​ត្រលប់មក​វិញ។

សម្ដេច​តេជោ​បន្តថា​ ការផ្ដល់​មធ្យោបាយ​ដឹកជញ្ជូន​នេះ ធ្វើឡើង​ដោយគ្មានកា​ររើស​អើង​គណបក្ស​នយោ​បា​យ​​ណា​មួ​យនោះទេ ហើយក៏មិនមែនជា​ការទិញដូរ​សន្លឹកឆ្នោត​នោះដែរ ព្រោះមិនដឹងថា ​តើអ្នក​ណា​នឹងត្រូវ​បោះ​ឆ្នោត​ឲ្យ​អ្នកណានោះឡើយ ដូច្នេះវាមិនមែនជាការ​សូក​ប៉ាន់សម្រាប់ដោះដូរជាមួយ​និង​សន្លឹក​ឆ្នោត​នោះ​ទេ។

គួរបញ្ជាក់ផងដែរ យោងតាមប្រសាសន៍ខាងលើសម្ដេចបានស្នើឲ្យក្រសួង​ការងារ​និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលរាជធានីភ្នំពេញ ត្រូវ​សហការ​គ្នា ដើម្បី​បែងចែក​ផ្លូវ​ និងបែងចែករថយន្ត​ក្រុង​តម្រូវទៅតាមបណ្តាខេត្ត​ ដែលមានចំនួនពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី ទៅច្រើន និងតិច ហើយការ​ដឹកជញ្ជូនកម្មករនេះ​ នឹង​ត្រូវធ្វើឡើង​នៅថ្ងៃទី២២ ខែកក្កដា នឹង​ដឹក​​ត្រ​លប់​មកវិញនៅថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០២៣ ចំពោះ​អ្នកបើកបររថយន្ត​ក្រុងទាំងអស់​ក៏ត្រូវ​សម្រួលពេលវេលា ដើម្បីឱ្យ​ពួកគេ​បាន​បោះ​ឆ្នោត​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង