អាជីវកម្ម៤នេះ នឹងត្រូវផ្អាកទូទាំងប្រទេសរយៈពេល២ថ្ងៃ នៅថ្ងៃទី ២២-២៣ ខែកក្កដា
រាជធានីភ្នំពេញ៖ យោងតាមសារាចរណែនាំលេខ ០២ សណន របស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៣ ស្ដីអំពីការផ្អាកដំណើរការអាជីវកម្មចំនួន៤ ដូចខាងក្រោម ចំនួន ២ ថ្ងៃ ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី ០៧ នៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីអនុលោមទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ធ្វើយ៉ាងណាឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមគំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា កើតឡើង អំឡុងពេលកំពុងធ្វើការបោះឆ្នោត ដូចនេះហើយបានជា ក្រសួងទេសចរណ៍ ធ្វើការណែនាំឲ្យម្ចាស់អាជីវកម្មទាំង ៤ នេះរួមមាន៖ ១-ក្លិបកម្សាន្ត ២-រង្គសាល ៣-ឌីស្ដូតែក និង ៤-បៀរហ្កាឌិន នៅទូទាំងរាជធានី ខេត្ត ក្រុង ត្រូវផ្អាករាល់សកម្មភាពអាជីវកម្មទាំងនេះ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។
លើសពីនេះទៀតនោះ ម្ចាស់ ឬអ្នកគ្រប់គ្រង់អាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ដែលផ្ដល់សេវាម្ហូបអាហារ ត្រូវផ្អាកសកម្មភាពការលក់ដូរគ្រឿងស្រវឹងរយៈពេល ០២ ថ្ងៃដូចគ្នា ដូច្នេះហើយ សូមបងប្អូនម្ចាស់អាជីកម្មទាំងអស់អនុវត្តតាមសារាចរណែនាំនេះឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង គ្រោះថ្នាក់ចរាចរណ៍ ការបំភិតបំភ័យណាមួយដល់សង្គម និង បញ្ហានានាផ្សេងទៀត ដែលបង្ករដោយការពិសាគ្រឿងស្រវឹង។
គួររឭកថា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី ០៧ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយធ្វើឡើងទូទាំងប្រទេសតែម្ដង ហើយសម្រាប់ព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឲ្យកម្មករ និយោជិត ឈប់សម្រាកចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែកក្កដា ដើម្បីចូលរួមសម្រួលពេលវេលាឲ្យពលរដ្ឋទៅបោះឆ្នោតបានគ្រប់ៗគ្នា ជាងនេះទៅទៀត រដ្ឋបាលក្រុងភ្នំពេញគ្រោងបញ្ចេញរថយន្តចន្លោះ ៣០០ ទៅ ៣៥០ គ្រឿង សម្រាប់ចាំដឹកជញ្ជូនទៅមកផងដែរ៕