កីឡាករម្នាក់នេះហ៊ាននិយាយថា Ronaldo មកអារ៉ាប់ដើម្បីតែលុយប៉ុណ្ណោះ

កីឡាករ Odion Ighalo និយាយថា Cristiano Ronaldo បានផ្លាស់មកកាន់អារ៉ាប៊ីសាអូឌីតនេះ សុទ្ធតែដើម្បីហេតុផលលុយជំនួសឲ្យចំណង់ចំណូលចិត្តរបស់គេ។

ខ្សែប្រយុទ្ធ Ighalo ដែលលេងឲ្យក្លិប Al-Hilal ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅ Saudi Pro League កាលពីរដូវកាលមុន បានប្រាប់សារព័ត៌មាន OmaSportsTV ថា៖ “កាលអ្នកនៅក្មេង អ្នកលេងបាល់ទាត់ដើម្បីចំណង់ចំណូលចិត្ត មិនខ្វល់អំពីលុយ ប៉ុន្តែនៅអាយុរបស់ខ្ញុំ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃអាជីពរបស់ខ្ញុំ ខ្ញុំមិនមែនជាអ្នកលេងម្នាក់ដែលនិយាយថា ខ្ញុំលេងដើម្បីចំណង់ចំណូលចិត្តទេ ដែលវាគឺជាលុយនៅចុងបញ្ចប់អាជីពវាគឺជាលុយ។

ក្នុងនោះកីឡាករវ័យ ៣៤ ឆ្នាំរូបនេះបន្ថែមទៀតថា៖ “តើ Ronaldo នៅតែលេងដោយគ្មានចំណង់ចំណូលចិត្តមែនទេ? Ronaldo រកបាន ១០០ ដងច្រើនជាងខ្ញុំពេញមួយជីវិតទៀត ហើយគាត់បានទៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត តើគាត់បានធ្វើវាចេញពីចិត្តមែនទេ? ទេវាគឺដើម្បីតែលុយទេបងប្អូន”។

គួរបញ្ជាក់ថា ការលើកឡើងបែបនេះបន្ទាប់ពីក្លិបដែលស្ថិតនៅលីគកំពូលរបស់អារ៉ាប៊ីសាអូឌីតបានចំណាយទឹកប្រាក់ជាច្រើនមហាសាល ដើម្បីនាំយកកីឡាករដែលលេងនៅទ្វីបអ៊ឺរ៉ុប៕ ប្រភព៖ goal

អត្ថបទដែលជាប់ទាក់ទង