រឿងធំហើយ! ក្លិប PSG នឹងលក់ខ្សែការពារដ៏ឆ្នើមរបស់ពួកគេ ដោយសារកីឡាកររូបនេះខឹងសម្បារជាមួយការគ្រប់គ្រងរបស់ក្លិប
Paris Saint-Germain ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងរកការចែកផ្លូវជាមួយនិងខ្សែការពារឆ្នើមរបស់ពួកគេ គឺកីឡាករ Marquinhos នៅរដូវក្ដៅនេះ ដូចដែលបានអះអាងដោយ Sports Zone តាមរយៈ Get Football News France ក្លិបម្ចាស់ជើងឯក Ligue 1 មានការខឹងសម្បារនិងកីឡាករអន្តរជាតិប្រេស៊ីលចំពោះការអត្ថាធិប្បាយថ្មីៗរបស់គាត់លើកីឡាករ Kylian Mbappe ។
PSG ដឹងថាខ្លួនកំពុងស្ថិតក្នុងស្ថានភាពលំបាកគួរឲ្យកត់សម្គាល់នៅពេលនេះ ដោយសារ Kylian Mbappe មិនសុខចិត្តចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅ Parc des Princes ឡើយ ក្នុងនោះ Marquinhos ត្រូវបានសួរនៅក្នុងដំណើរទេសចរណ៍មុនបើករដូវកាលរបស់ក្លិបនៅអាស៊ី ហើយការឆ្លើយតបរបស់គាត់បានធ្វើឲ្យមានការរំខានដល់ឋានានុក្រមរបស់ Paris Saint-Germain ហើយកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថា៖
“វាគឺជាសំណួរដ៏រសើបមួយ។ Kylian គឺជាអ្នកលេងដ៏ពិសេសម្នាក់ ខ្លាំង ប៉ុន្តែការសម្រេចចិត្តគឺពីថា្នក់លើ ហើយវាគឺទាក់ទងជាមួយនឹងការគ្រប់គ្រង ដែលយើងត្រូវមើល។ យើងតែងតែចង់អភិវឌ្ឍជាមួយនឹងកីឡាករត្រឹមត្រូវម្នាក់ ខ្ញុំសង្ឃឹមថានឹងមានដំណោះស្រាយដ៏ល្អ ដើម្បីឲ្យគាត់ត្រឡប់មកក្រុមវិញ និងជួយយើងក្នុងរដូវកាលខាងមុខនេះ”។
វាត្រូវបានគេអះអាងថា PSG មិនពេញចិត្តទាំងស្រុងឡើយចំពោះសមត្ថភាពដឹកនាំរបស់ Marquinhos និងទម្រង់លេងរបស់គាត់ ដោយកីឡាករវ័យ ២៩ ឆ្នាំរូបនេះលេងមិនបានល្អទេចាប់តាំងពី Thomas Tuchel ចាកចេញពីក្លិបក្នុងឆ្នាំ ២០២០។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីចាកចេញពី AS Roma ក្នុងឆ្នាំ ២០១៣ ក្នុងកិច្ចព្រមព្រៀងតម្លៃ ៣១.៤ លានអឺរ៉ូ កីឡាករប្រេស៊ីលរូបនេះបានបន្តបង្ហាញខ្លួន ៤០៧ ប្រកួតសម្រាប់ PSG ផងដែរ៕