កាន់តែពិសេសហើយ! ក្រុមអតីតអ្នកបួសខ្មែរតែងតាំងបុគ្គលឆ្នើមៗ ទាំងនេះ ធ្វើជាទីប្រឹក្សាជាន់ខ្ពស់ ដើម្បីពង្រីកវិសាលភាព នៃសមាគមរបស់ខ្លួន (មានវីដេអូ)
រាជធានីភ្នំពេញ៖ នៅចុងខែកក្កដា ឆ្នាំ២០២៣ នេះ ក្រុមអតីតអ្នកបួសខ្មែរបានប្រកាសតែងតាំងបុគ្គលឆ្នើមៗ ក្នុងសង្គម ជាច្រើនរូប ធ្វើជាទីប្រឹក្សាជាន់ខ្ពស់ ដើម្បី ពង្រីក វិសាលភាព សមាគម របស់ ខ្លួន ខណៈបច្ចុប្បន្នសមាគមនេះ កំពុងដឹកនាំ ក្នុងអាណត្តិដំបូងដោយឯកឧត្តម ហឿន សំនៀង ប្រធានក្រុមប្រឹក្សាភិបាល និងជាអតីតអ្នកបួស ១៩ វស្សា មានស្រុកកំណើតនៅខេត្តសៀមរាប ប្រវត្តិបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ហាវើត នៃសហរដ្ឋអាមេរិក និងសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៨រូបផ្សេងទៀត មានអនុប្រធានក្រុមប្រឹក្សាភិបាល ៣រូប សមាជិក ៥រូប និងអគ្គលេខាធិការ ១រូបផងដែរ។
ទីប្រឹក្សាជាន់ខ្ពស់របស់សមាគមអតីតអ្នកបួសខ្មែរ ដែលទើបប្រកាសតែងតាំងជាបន្តបន្ទាប់នោះ រួមមាន៖
១-លោកគ្រូ សាន សុជា វស្សាបួសបាន ៣១ ឆ្នាំ បច្ចុប្បន្នកំពុងស្នាក់នៅប្រទេសអូស្ត្រាលី
២-ឯកឧត្តម ឧកញ៉ា បណ្ឌិត ផន វណ្ណិត អ្នកនិពន្ធសៀវភៅថ្វីគំនិត
៣-ឯកឧត្តម សេង សុភី
៤-បណ្ឌិត កែវ រតនៈ អនុប្រធានការិយាល័យ នាយកដ្ឋានគោលនយោបាយក្រសួងអប់រំយុវជន និងកីឡា
៥-លោក ព្រើន សុវង្ស គ្រូកំរិតឧត្តម នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
៦-លោកសាស្ត្រាចារ្យ ទូច គីមស្រ៊ាង
៧-ឧត្តមសេនីយ៍ទោ មួង ប្ញទ្ធី អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានក្រុមការងារផ្សព្វផ្សាយ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ
៨-បណ្ឌិត ប្រាក់ សម្ភាស្ស
៩-ឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេង ហាន ឯ.ក
១០-ឯកឧត្តម ស៊ិន គង់ ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង
១១-ឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
១២-ឯកឧត្តម បណ្ឌិត ឆាត សុឆេត ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
១៣-ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី ពៅ នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានអង្គរក្ស
និង ១៤-អ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស ដែលសមាគមអតីតអ្នកបួសខ្មែរទើបប្រកាសតែងតាំងថ្មីៗនេះ ព្រមទាំងនៅមានបន្ថែមទៀត ដែលសុទ្ធសឹងតែជាបុគ្គលឆ្នើម និងមានស្នាដៃចូលរួមគាំទ្រដល់ព្រះពុទ្ធសាសនា និងសង្គមជាតិ នាពេលកន្លងមក។
គួររំឭកថា សមាគមអតីតអ្នកបួសខ្មែរ គឺបានចុះបញ្ជីជាផ្លូវការ នៅក្រសួងមហាផ្ទៃ តាមរយៈប្រកាសលេខ ៣៧០២ ប្រ.ក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ កាលពីពេលថ្មីៗកន្លងទៅនេះ និងមានទីស្នាក់ការកណ្ដាលនៅបុរីប៉េងហួតស្ទឹងមានជ័យ ផ្ទះលេខ៤០ ផ្លូវលេខ៨ ក្រុមទី៩ ភូមិដំណាក់ធំមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមាគមអតីតអ្នកបួសខ្មែរ មានចក្ខុវិស័យកៀរគរចងក្រងសមាជិក ដែលជាអតីតអ្នកបួសខ្មែរទាំងអស់ គ្រប់ជំនាន់ ទាំងក្នុងនិងក្រៅប្រទេស ដែលធ្លាប់ជ្រកក្រោមដំបូលវត្តអារាម ម្លប់ព្រះពុទ្ធសាសនាដូចគ្នា ដើម្បីពង្រីកវិសាលភាព កសាងសាមគ្ភីភាព បំពេញបេសកកម្ម ចែករំលែកបទពិសោធ ឱកាសការងារ និងជ្រុំជ្រែងគ្នាលើកកម្ពស់ដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជារួមគ្នាទ្រទ្រង់សាសនា និងសង្គមជាតិឲ្យកាន់តែប្រសើរឡើងថែមទៀត៕