តំបន់មួយចំនួនក្នុងខេត្តកំពត-កែបកំពុងរង់ផលប៉ះពាល់ពីទឹកជន់លិចផ្ទះសម្បែង និងទឹកគួចមនុស្សស្លា.ប់នៅជ្រោះឱមាល់ទឹកឈូ (Video)
ខេត្តកំពត៖ ពេលនេះ តំបន់មួយចំនួនក្នុងខេត្តកំពត និងខេត្តកែប កំពុងរង់ការជន់លេច ពីកំណើនទឹកភ្លៀង ខណៈកាលពីយប់មិញនេះ នៅជ្រោះឱមាល់ លើតំបន់ទឹកឈូ កំចាយ ទឹកហូរគួចយកអ្នកទៅបោះតង់ដេកយប់ម្នាក់ ដោយកំពុងបន្តបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយទេ បើតាមការបញ្ជាក់ពីស្នងការខេត្តកំពតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ។
ស្នងការដ្ឋាននគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ប្រាប់ សារព័ត៌មានក្នុងស្រុកមួយតាមទូរសព្ទថា គិតមកដល់ពេលនេះអាជ្ញាធរខេត្តកំពុងតែស្វះស្វែងរកជនរងគ្រោះចំនួន ១នាក់ទៀតក្នុងចំណោមជនរងគ្រោះចំនួន ៣នាក់ដែលត្រូវបានទឹកជ្រោះហូរគួចយកទៅក្នុងអំឡុងពួកគេបោះតង់គេងកាលពីយប់ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពខាងលើដដែលនេះបានប្រាប់ឱ្យដឹងទៀតថា មកដល់រសៀលនេះអាជ្ញាធរបានរកឃើញសាកសពជនរងគ្រោះភេទស្រីម្នាក់ ហើយបានជួយសង្រ្គោះជនរងគ្រោះភេទប្រុសម្នាក់ប្រកបដោយសុវត្ថិភាព ខណៈអាជ្ញាធរកំពុងបន្តស្វែងរកសាកសពជនរងគ្រោះភេទស្រីម្នាក់ទៀតដែលត្រូវបានទឹកហូរគួចយកទៅ។
តាមលោកស្នងការនគរបាលខេត្តកំពតរូបនេះបញ្ជាក់ថា ជនរងគ្រោះបានទៅបោះតង់នៅរមណីយដ្ឋានទឹកជ្រោះឱម៉ាល់ ដោយមានគ្នាចំនួន ៥៣នាក់ ដោយឡែកជនរងគ្រោះបានទៅបោះតង់នៅចំផ្លូវទឹកជ្រោះហូរ ខណៈកាលពីយប់មិញនៅវេលាម៉ោង៣យប់មានភ្លៀងធ្លាក់ខ្លាំង ទើបបណ្តាលឱ្យទឹកហូរគួចយកជនរងគ្រោះទៅដោយទាំងតង់តែម្តង។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះអាជ្ញាធរបានជួយជម្លៀសអ្នកទេសចរជាង ៥០នាក់ចេញពីទឹកជ្រោះឱម៉ាល់ទៅកន្លែងមានសុវត្ថិភាពហើយ និងបានអំពាវនាវដល់ភ្ញៀវទេសចរផ្អាកការមកបោះតង់លើជ្រោះឱមាល់ជាបណ្តោះអាសន្ន និងជាមួយគ្នានេះ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងព្រែក ក៏កំពុងរង់ផលប៉ះពាល់ទឹកលេចផ្ទះសម្បែងផងដែរ សូម្បីខាងស្រុកកំពង់ត្រាច បណ្តោយផ្លូវជាតិលេខ៣៣ ត្រង់ចំណុចភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច នូវពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ក៏មានទឹកជំនន់លេចផ្លូវ ជាហេតុធ្វើឱ្យអ្នកបើកបររថយន្ត និងអ្នកជិះម៉ូតូពិបាកក្នុងការឆ្លងកាត់ទៅមកដែរ។ បើយោងតាមការចុះផ្សាយរបស់កាសែតកោះសន្តិភាពនៅថ្ងៃនេះ៕