ក្រោយ គ.ជ.ប ប្រកាសលទ្ធផលជាផ្លូវការ ពេលនេះព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ចាប់ពីពេលនេះហើយ (មានវីដេអូ)
ភ្នំពេញ៖ ត្រឹមរយៈពេល ១៥ ថ្ងៃ បន្ទាប់ពីបោះឆ្នោតរួច កាលពីថ្ងៃទិ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ និងក្រោយ គ.ជ.ប បានប្រកាសជាផ្លូវការ ដោយគណបក្សប្រជាជនឈ្នះឆ្នោត និងទទួលបានអសនៈរហូតដល់ ១២០ កៅអីក្នុងរដ្ឋសភា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៥ អសនៈ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ចាប់ពីពេលនេះតទៅ និងមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។
បើតាមការគ្រោងទុករបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលមានរយៈពេល ១៥ថ្ងៃទៀតប៉ុណ្ណោះ ហើយសម្តេចតេជោ នាយករដ្ឋមន្ត្រីបច្ចុប្បន្នក៏នឹងត្រូវលាលែងពីតំណែងនៅថ្ងៃជាមួយគ្នានេះដែរ។
យោងតាមសំណេររបស់សម្ដេច ហ៊ុន សែន លើបណ្ដាញសង្គម Twitter នាថ្ងៃទី៧ ខែសីហានេះដែរ បានសរសេរថា៖ «ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី ១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍»។
គួររំឭកថា សម្ដេច ហ៊ុន សែន ចូលកាន់តំណែងនាយករដ្ឋមន្រ្តី ក្នុងវ័យ៣២ឆ្នាំ ដែលក្មេងជាងគេ ហើយក៏យូរជាងគេនៅក្នុងពិភពលោក និងបើគិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលសម្ដេច ហ៊ុន សែន ចាកចេញពីតំណែងនាយករដ្ឋមន្ត្រី តាមផ្លូវច្បាប់នេះ គឺសម្ដេច បានកាន់តំណែងនេះ ចំនួន៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា៤៦៣ខែ ២០១៤សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ ដោយសម្ដេច ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី ចាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តជាផ្លូវការមក៕