Man United ច្រានចោលការដេញថ្លៃជាលើកទីពីររបស់ West Ham សម្រាប់ Maguire
ក្លិប West Ham United ហ៊ានបោះទឹកប្រាក់ប្រមាណ ៣០ លានផោនសម្រាប់ការផ្ដាច់កុងត្រាយកខ្សែការពារ Harry Maguire ប៉ុន្តែត្រូវបាន Manchester United ច្រានចោលជាលើកទី២ នេះបើយោងតាមគេហទំព័រ talkSPORT។
ជាការពិតណាស់ ក្រុមបិសាចក្រហមធ្លាប់បានច្រានចោលសំណើលើកដំបូងរួចមកហើយ ដោយពេលនោះក្រុមញញួរធំបានផ្ដល់ទឹកប្រាក់ត្រឹមតែ ២០ លានផោនប៉ុណ្ណោះសម្រាប់អតីតប្រធានក្រុមរូបនេះ យ៉ាងណាចំពោះគ្រូបង្វឹកលោក David Moyes នៅតែចិញ្ចឹមចិត្តចង់បាន Maguire ជាក់ស្ដែងរឿងនេះនៅតែមានបញ្ហាជុំវិញទំហំសាច់ប្រាក់នៃការផ្ទេរ ប្រាក់ពលកម្មខ្ពស់ និងការសម្រេចចិត្តរបស់ខ្សែការពារកណ្ដាលថាតើរូបគេយល់ព្រមក្នុងការផ្លាស់ប្ដូរមួយនេះដែរឬទេ? សម្រាប់កិច្ចសន្យារបស់កីឡាករវ័យ ៣០ ឆ្នាំជាមួយ Man United ត្រូវមានសុពលភាពរហូតដល់ឆ្នាំ ២០២៥។
គួរបញ្ជាក់ថា West Ham កំពុងស្វែងរកកីឡាករថ្មីនៅរដូវក្តៅនេះ បន្ទាប់ពីការចាកចេញរបស់ Declan Rice ទៅកាន់ Arsenal ក្នុងកិច្ចព្រមព្រៀងតម្លៃ ១០៥ លានផោន៕ ប្រភព៖ tribuna