ករណីជនខិលខូចបន្លំជាបុគ្គលិកអគ្គិសនីកម្ពុជា ដើរឆបោក និងគំរាមផ្តាច់ភ្លើងប្រជាជន នៅតែបន្តកើតឡើង ខណៈវិធានការអាជ្ញាធរហាក់មិនទូលំទូលាយសោះ
ថ្មីៗនេះ មានករណីជនខិលខូចក្លែងបន្លំដើរតួជាបុគ្គលិកអគ្គិសនីកម្ពុជា និងបានប្រើរូបថត បុគ្គលិករបស់អគ្គិសនីកម្ពុជាម្នាក់ ភ្ជាប់ជាមួយលេខទូរស័ព្ទ តេលេក្រាម (Telegram) ដើរខលបោកប្រាស់ប្រជាជនស្លូតត្រង់ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ឱ្យបង់ថ្លៃភ្លើង និងថ្លៃសេវាជួសជុលផ្សេងៗទៀត ផ្ញើទៅឱ្យពួកគេតាមវីងដែលមានលេខទូរស័ព្ទ 096 735 5774 ដោយគំរាមថា បើមិនបង់ថ្លៃឱ្យពួកគេទេ គេនឹងចុះមកផ្តាច់ភ្លើង មិនឱ្យប្រើប្រាស់នោះទេ។
ករណីនេះខាងអាជ្ញាធរអគ្គិសនីកម្ពុជា ក៏ធ្លាប់បានធ្វើសេចក្តីជូនដំណឹង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅដែរ ប៉ុន្តែនូវតែមានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានចាញ់បោកពួកគេទៀត ដូចជាថ្មីៗនេះ បានកើតឡើងមួយករណីទៀត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ និងបានដាក់ពាក្យប្តឹងទៅបុស្តិ៍នគរបាលស្នោរ ស្ថិតក្នុងខណ្ឌកំពូល រាជធានីភ្នំពេញរួចហើយ។
យោងតាមពាក្យបណ្ដឹងលោក ចាន់ សិលា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ B08 ភូមិតាអិន សង្កាត់ ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរជាមន្ត្រីអគ្គិសនីកម្ពុជា បានដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលខាងលើថា កាលពីថ្ងៃទី៦ ខែសីហា រូបលោកកំពុងស្នាក់នៅផ្ទះក្នុងបុរី KP ម៉ន ដានី ភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល ស្រាប់តែមានបងប្រុសម្នាក់ ដែលជាមិត្តរួមការងារនៅអគ្គិសនីកម្ពុជា ខេត្តព្រៃវែងបានផ្តល់ដំណឹងថា មានជនខិលខូចបានយកលេខទូរស័ព្ទ 096 735 5774 និងដាក់រូបរបស់លោកលើប្រូហ្វាល់(Telegram) ថែមទៀត ដើម្បីដើរទំនាក់ទំនងបោកប្រាស់ពីអ្នកដទៃ ឲ្យបង់ថ្លៃអគ្គិសនី នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។
គួររំឭកថា យោងតាមសេចក្តីអំពាវនាវរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅបានបញ្ជាក់ថា រាល់ការបង់ប្រាក់ថ្លៃប្រើប្រាស់អគ្គិសនីកម្ពុជា ឬបង់ប្រាក់ថ្លៃសេវាកម្មផ្សេងៗ លុះត្រាតែមានវិក្កយបត្រ និងមានបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា ឬរបស់អ្នកកាន់អាជ្ញាបណ្ណអគ្គិសនីឯកជន(សេវាករ) បើពុំមានឯកសារទាំងនោះទេ សូមកុំបង់ប្រាក់ឲ្យសោះ ឬបើមានករណីជនគួរឲ្យសង្ស័យ សូមទំនាក់ទំនងមកកាន់លេខ Hotline៖ 1298/24h ដែលអាចហៅចូលគ្រប់ប្រព័ន្ធដោយឥតគិតថ្លៃ ឬលេខដែលមាននៅលើវិក្កយបត្រអគ្គិសនី ឬទំនាក់ទំនងព័ត៌មានទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ អគ្គិសនីកម្ពុជា-edc ផ្ទាល់ក៏បានដែរ៕